ភ្នំពេញ៖ 

ផ្ទះ២ល្វែងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយស្ត្រីជាម្ចាស់ផ្ទះមានជំងឺលើសឈាមពិការមួយជំហៀងខ្លួនស្លាប់និងចៅស្រីអាយុ៨ឆ្នាំមានជំងឺអូទីហ្សឹម ត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចធម៌។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នៅចំណុចផ្ទះលេខ ៦៩ABផ្លូវបេតុង ក្រុម២ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមរបាយការណ៍នគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យចំនួន៩គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ០៩ឡាន ស្មើនិង៣៦ម៉ែត្រគូប ហើយភ្លើងបានរលត់ នៅម៉ោង ១៤នឹង៤៥នាទីរសៀល នាថ្ងៃខែ ឆ្នាំដដែល។

តាមនគរបាល បានឲ្យដឹងទៀតថា អគ្គិភ័យនេះ បណ្ដាលឱ្យបន្ទប់ជាន់ឡៅតឿទំហំ ០៤ម៉ែត្រx ០៨ម៉ែត្រចំនួន ០១បន្ទប់ រួមទាំងសម្ភារៈមួយចំនួន បានរងការខូចខាតនិងឆេះរោលម៉ូតូចំនួន ១៧គ្រឿង ហើយ ពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

តាមរបាយការណ៍ បានឲ្យដឹងទៀតថាអគ្គិភ័យនេះបណ្ដាលអោយស្លាប់មនុស្សចំនួន២នាក់៖

១-ឈ្មោះ ថៃ ផា ភេទស្រី អាយុ ៧៦ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ជាម្ចាស់ផ្ទះ មានជំងឺលើសឈាមពិការមួយជំហៀងខ្លួន។

២-ឈ្មោះ ឆ័រ យូអ៊ី ភេទស្រី អាយុ ០៨ឆ្នាំ ជនជាតិ ខ្មែរមានជំងឺប្រចាំកាយ (មានជំងឺអូទីហ្សឹម) ។ បើតាមរបាយកាណ៍របស់អាជ្ញាធរ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕