កំពង់ឆ្នាំង៖

បុរសចំនួន៣នាក់ បានទទួលរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តព្រូសមួយគ្រឿង បើកធ្លាក់ផ្លូវ ជ្រុលទៅបុកលូ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រ 99 ជិតដល់ផ្សារពង្រខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ឡានព្រូស ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 2BR-6630 បើកបរទិសដៅពីពោធិ៍សាត់ មកភ្នំពេញ លុះមកដល់កន្លែងកើតហេតុ ក៏បានរេចង្កូត ធ្លាក់ផ្លូវហើយជ្រុលទៅបុកលូ បណ្តាលអោយអ្នកបើកបរ និងអ្នករួមដំណើរ សរុប៣នាក់ រងរបួសធ្ងន់។

សមត្ថកិច្ច បន្តថា ហេតុការណ៍នេះកើតឡើង នៅម៉ោងជាង៦ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ចន្លោះគីឡូម៉ែត្រ ៩៩-១០០ ស្ថិតក្នុងភូមិទ័ពត្បែង ឃុំពង្រ  ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បើកបរមានឈ្មោះ ចាប វិជ្ជរ៉ូ អាយុ២៥ឆ្នាំ រស់នៅភូមិសំរោងអណ្តែត ឃុំធ្លក ស្រុកត្រាំង ខេត្តតាកែវ និងមានអ្នករួមដំណើរចំនួន ០២ នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) បើកពីទិសខាងជើង ទៅទិសខាងត្បូង ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏ជួបគ្រោះថ្នាក់តែម្តង៕