លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានព្រមានក្រុមសកម្មប្រយុទ្ធហាម៉ាសថា "វិធានការណ៍ និងដំណោះស្រាយទាំងអស់ នឹងត្រូវលុបចោល" បន្ទាប់ពីលោកបានទទួលបានរបាយការណ៍ដែលថា ក្រុមហាម៉ាស នឹងប្រើប្រាស់ចំណាប់ខ្មាំងដែលនៅសេសសល់ ជាខែលការពារ។ ការព្រមាននេះធ្វើឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អ៊ីស្រាអែលកាលពីដើមសប្តាហ៍នេះ ខណៈដែលលោក ម៉ាកូ រូប៊ីអូ បានបញ្ជាក់ថា មធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា គឺតម្រូវឲ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងទាំងអស់ និងធ្វើការចុះចាញ់។ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់អីស្រាអែល លោក ម៉ាកូ រូប៊ីអូ ក៏បានធ្វើដំណើរទៅកាន់ប្រទេសកាតា នឹងបានជួបពិភាក្សាជាមួយព្រះមហាក្សត្រ ស៊ៀក ថាមីណ ប៊ីន ហាម៉ាដ អាល ថានី ដោយលោកបានអំពាវនាវឲ្យប្រទេសកាតា បន្តតួនាទីរបស់ខ្លួនជាអ្នកសម្រុះសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីឈានដល់បទឈប់បាញ់នៅក្នុងសង្គ្រាមមួយនេះ។ លោក រូប៊ីអូ បានបន្តថា ប្រទេសកាតា និងសហរដ្ឋអាមេរិក ក៏កំពុងឈានទៅដល់ការបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលកំណត់គោលដៅលើមេដឹកនាំក្រុមហាម៉ាស ក្នុងប្រទេសកាតាកាលពីសប្តាហ៍មុននោះ។