លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជារឲ្យបើកការវាយប្រហារតាមអាកាសលើមេដឹកនាំក្រុមហាម៉ាស់ នៅក្នុងទីក្រុងដូហារបស់ប្រទេសកាតា ដោយពង្រីកសកម្មភាពយោធារបស់ខ្លួន រាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា។ ប្រទេសកាតា ដែលបានដើរតួជាអ្នកសម្រុះសម្រួលជាមួយប្រទេសអេហ្ស៊ីប ក្នុងកិច្ចពិភាក្សាស្តីពីបទឈប់បាញ់ក្នុងសង្រ្គាមជិត 2 ឆ្នាំនៅតំបន់ហ្គាហ្សា បានថ្កោលទោសការវាយប្រហារនេះ ថាជាសកម្មភាពដ៏ "កំសាក" និងរំលោភច្បាប់អន្តរជាតិ។ យោងតាមមន្ត្រីអ៊ីស្រាអែល ការវាយប្រហារនេះ សំដៅលើមេដឹកនាំកំពូលរបស់ក្រុមហាម៉ាស រួមទាំងលោក ខាលីល អាល់ ហៃយ៉ា (Khalil al-Hayya) ដែលជាប្រធានក្រុមហាម៉ាសផងដែរ។ ការវាយប្រហារនេះ ក៏ធ្វើឡើង បន្ទាប់ពីក្រុមអាល់ហ្គាសាមដែលជាមែកធាងរបស់ក្រុមហាម៉ាស បានអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារ ដែលបានសម្លាប់មនុស្ស 6 នាក់ នៅចំណតរថយន្តក្រុងមួយកន្លែង នៅជាយក្រុងហ្សេរុយសាឡឹមកាលពីដើមសប្តាហ៍នេះ។
