ភ្នំពេញ ៖ 

ជនសង្ស័យ២នាក់ឃើញម៉ូតូ១គ្រឿងដែលម្ចាស់គេ ចតទុកនៅមុខផ្ទះភ្លេចដកសោចេញ ក៏បានធ្វើសកម្មភាពលួចជិះគេចខ្លួនទៅបាត់ ប៉ុន្តែមិនបានដឹងថាម៉ូតូនោះមានភ្ជាប់ប្រព័ន្ធតាមដនGPSនោះឡើយ ។ខណៈនោះជនរងគ្រោះក៏បានតាមស្វែងរកម៉ូតូរបស់ខ្លួនតាមរយៈប្រព័ន្ធតាមដានសុវត្ថិភាពGPSខាងលើរហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឯម្នាក់ទៀតគេចខ្លួនបាត់ ។ 

ហេតុការណ៍នោះបានកើតឡើង កាលវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី១០ ខែ កញ្ញា ឆ្នំ ២០២៥ នៅចំណុចមុខផ្ទះមួយកន្លែងស្ថិតនៅផ្លូវបេតុងភូមិស្ទឹងមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើនោះឈ្មោះ ឈឿន កុសល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លីកពណ៍ស ពាក់ស្លាកលេខភ្នំពេញ1JG-1876 នៅចំណុចមុខផ្ទះខាងលើដោយភ្លេចដកសោចេញ ។ ខណៈនោះក៏ត្រូវជនសង្ស័យលួចយកទៅបាត់ ហើយក្រោយពេលដឹងថាបាត់ម៉ូតូ ជនរងគ្រោះក៏បានស្វែងរកតាមរយៈប្រព័ន្ធតាមដានសុវត្ថិភាពGPSដែលភ្ជាប់ក្នុងម៉ូតរបស់ខ្លួន ។ 

សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា  ជនរងគ្រោះបានតាមរហូតទៅដល់ផ្លូវលេខ១៥៤កែងផ្លូវលេខ១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ក៏ឃើញជនសង្ស័យទាំង២នាក់កំពុងជិះម៉ូតូរបស់ខ្លួន ហើយក៏ស្រែកថា«ចោរៗ» បង្កឲ្យមានការភ្ញាក់ផ្អើល ។ ពេលនោះប្រជាពលរដ្ឋបានជួយដេញតាមដល់ជិតផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញទើបចាប់បាន ហើយប្រជាពលរដ្ឋបានវាយទាត់ធាក់បញ្ចេញកំហឹង រួចប្រគល់ជនសង្ស័យរូបនោះជូននគរបាលប៉ុស្តិ៍ខាងលើ ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនចូលក្នុងផ្សារកណ្ដាលបាត់ស្រមោល ។ 

ប្រភពដដែលបានប្រាប់បន្ថែមទៀតថា ក្រោយពីទទួលជនសង្ស័យពីប្រជាពលរដ្ឋ នគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី១ ក៏បានប្រគល់ទៅឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ខណ្ឌមានជ័យវិញដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕