កំពង់ឆ្នាំង៖
ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅម៉ោង១៨ និង១៥ នាទី ព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៦-៦៧ ស្ថិតក្នុងភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត ១ គ្រឿង ម៉ាក KIA GRANBIRD ពណ៌ក្រហម ពាក់ផ្លាកលេខបាត់ដំបង3A-2155 (ប្រភេទរថយន្តក្រុង ក្រុមហ៊ុនកាពីតូល ដឹកអ្នកដំណើរ) អ្នកបើកបរឈ្មោះ ភឿ រី ភេទប្រុស អាយុ៦៨ ជនជាតិខ្មែរ រស់នៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង លើគន្លងផ្លូវវ៉ាជែង ក្នុងល្បឿនលឿន ។
បើកមកដល់ចំណុចខាងលើ បានបុកពីក្រោយ រថយន្ត ១ គ្រឿងទៀត ម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-2365 ( ក្នុងដំណើរស្របទិសគ្នា ) ដែលបែកកង់ ឈប់នៅលើគន្លងផ្លូវរថយន្តវ៉ាជែង បើកបរដោយឈ្មោះ សេង ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ។
បន្ទាប់មក រថយន្តក្រុង បានរុញទៅបុកមនុស្សចំនួន០៣ នាក់ទៀត ដែលកំពុងឈរនៅ ពីមុខរថយន្តបែកកង់ បណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំនួន ០២ នាក់ ( ស្រី ០១នាក់ ), និង រងរបួសធ្ងន់ ចំនួន ០២ នាក់ទៀត(ប្រុស) បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ ច្ចុប្បន្នរថយន្តខូចរថយន្ត០២ គ្រឿង( ធ្ងន់) បានចាប់យកមករក្សាទុកនៅកន្លែងសមត្ថកិច្ច ៕
