កងកម្លាំងយោធាអ៊ីស្រាអែល កំពុងរៀបចំ និងប្រមូលផ្តុំ សម្រុកចូលទៅក្នុងទីក្រុងហ្គាហ្សា ដើម្បីធ្វើកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស និងរំដោះចំណាប់ខ្មាំងដែលនៅសេសសល់ត្រលប់មកវិញ។ បន្ទាប់ពីការប្រកាសនេះ យោធាអ៊ីស្រាអែល បានបើកការវាយប្រហារកម្ទេចអគារលំនៅឋានក្នុងទីក្រុងហ្កាហ្សា ដែលជាទីក្រុងធំបំផុតនៅក្នុងតំបន់ ហើយបច្ចុប្បន្ន កំពុងត្រៀមប្រតិបត្តិការជើងគោកនៅភាគខាងលិចនៃទីក្រុង ដោយបានប្រកាសឲ្យប្រជាជនប៉ាឡេស្ទីនដែលកំពុងជ្រកកោននៅទីនោះ ចាកចេញទៅកាន់តំបន់ភាគខាងត្បូង។ យោងតាមការប៉ាន់ប្រមាណរបស់កងកម្លាំងការពារអីស្រាអែល បច្ចុប្បន្ន មានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រមាណ 3000 នាក់ កំពុងលាក់ខ្លួននៅក្នុងទីក្រុងហ្គាហ្សា ខណៈដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អីស្រាអែល ខាត់ បានព្រមានថា ប្រសិនបើក្រុមហាម៉ាស់ មិនព្រមដោះលែងចំណាប់ខ្មាំង និងរំសាយអាវុធនោះទេ តំបន់ហ្គាហ្សា "នឹងត្រូវបំផ្លាញ" ទាំងស្រុង។ កងកម្លាំងការពារអ៊ីស្រាអែល ក៏បានប៉ាន់ប្រមាណថា ប្រជាជនប៉ាឡេស្ទីនប្រមាណ 35 ម៉ឺននាក់ បានភៀសខ្លួនចេញពីទីក្រុងនេះ បើទោះបីជារាប់រយពាន់នាក់ទៀត ត្រូវបានជឿជាក់ថានៅតែបន្តស្ថិតក្នុងតំបន់ក៏ដោយ។