ចាប់តាំងពីប្រទេសរុស្ស៊ី ផ្តើមសង្រ្គាមឈ្លានពានលើប្រទេសអ៊ុយក្រែនកាលពីឆ្នាំ 2022 មក មនុស្សរាប់សែននាក់ត្រូវបានសម្លាប់ ឬរងរបួសទាំងសងខាង និងយ៉ាងហោចណាស់មានទាហាន និងជនស៊ីវិលអ៊ុយក្រែនប្រមាណ 7 ម៉ឺននាក់បាត់ខ្លួន។ ក្នុងរយៈពេល 4 ខែចុងក្រោយនេះ សាកសពដែលរលួយ ពុក ប្រមាណ 7000 នាក់ ត្រូវបានប្រគល់ទៅឲ្យប្រទេសអ៊ុយក្រែនវិញ ដែលជំរុញឲ្យក្រុមអ្នកធ្វើកោសល្យវិច្ច័យសាកសព ពិបាកនឹងកំណត់អត្តសញ្ញាណ ស្របពេលដែលដំណើរការនៃការពិនិត្យ DNA នីមួយៗ អាចចំណាយពេលជាច្រើនខែ។ រដ្ឋមន្ត្រីមហាផ្ទៃរបស់ប្រទេសអ៊ុយក្រែន  បានចោទប្រកាន់ប្រទេសរុស្ស៊ី ថាបានបង្កការស្មុគស្មាញដល់ដំណើរការកំណត់អត្តសញ្ញាណ ដោយការប្រគល់សាកសពមួយចំនួនតាមរបៀបដែលមិនមានសណ្តាប់ធ្នាប់។ គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា រហូតមកដល់ពេលនេះ មានជនជាតិរុស្សីប្រមាណ 95 ម៉ឺននាក់ត្រូវបានសម្លាប់ ឬរងរបួស នៅក្នុងសង្គ្រាម ខណៈដែលជនជាតិអ៊ុយក្រែនត្រឹមតែ 40 ម៉ឺននាក់ប៉ុណ្ណោះ។ យោងតាមតួលេខផ្លូវការ គិតត្រឹមខែមុន ប្រទេសអ៊ុយក្រែន បានទទួលសាកសពចំនួន 11.744 នាក់ ខណៈដែលសាកសព ចំនួន 6060 នាក់ត្រូវប្រគល់កាលពីខែមិថុនា និង 1000 នាក់ទៀតនៅក្នុងខែសីហា។