ភ្នំពេញ៖ 

រថយន្តចំនួន៣គ្រឿង បានបើកបុកគ្នាលើនៅផ្លូវ៦០ម៉ែត្រ នៅត្រង់ចំណុចភ្លើងស្តុប ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២និង២០នាទី រសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ បណ្ដាលឲ្យរងការខូចខាត ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តទី១ ម៉ាកFord Everest ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ2BU-4015 ខូចខាតខ្ទេចមុខ ។ ទី២ ម៉ាកToyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2CC-9134 ខូចខាតខ្ទេចស្ទើរទាំងស្រុង ។ ទី៣ រថយន្តធុនធំម៉ាកHyundai ពណ៌សឆ្នូតបៃតង ដឹកទំនិញ បានក្រឡាប់កាប៊ីន ដាច់ជន្ទាស ដាច់កង់និងដាច់កាឡេ ប៉ុន្តែពុំមានមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរ នៅក្នុង ហេតុការណ៍នេះទេ ប៉ុន្តែក៏បានបណ្ដាលឲ្យរបាំងថ្មពុះចែកទ្រូងផ្លូវរបើកដួលច្រើនកង់ផងដែរ ។ 

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តថា នៅមុនពេលកើតហេតុ ខណៈរថយន្តម៉ាក Toyota Prius កំពុងឈប់ភ្លើងស្តុប ស្រាប់តែរថយន្តម៉ាកFord Everest បើកបរធ្វើដំណើរក្នុង ទិសដៅពីត្បូងទៅជើង បុកពេញទំហឹង បណ្ដាលឲ្យរថយន្តToyota Prius ខ្ទាតចូលចំណែកផ្លូវម្ខាងទៀត។ ស្របពេលនោះរថយន្តម៉ាកHyundai ធុនធំដឹកទំនិញ បើកបរក្នុងទិសដៅបញ្រ្ចាស់គ្នា ពីជើងទៅត្បូងក្នុងល្បឿនលឿនទៅដល់បុករថយន្តToyota Prius នោះពេញទំហឹង១តង់ទៀត ។

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្ថែមថា បន្ទាប់មក រថយន្តHyundai បានរេចង្កូតជ្រុល ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាឲ្យក្រឡាប់កាប៊ីន និងដាច់ជន្ទាសដាច់កង់ និងដាច់ កាឡេហូរប្រេងលើផ្លូវ ទៅមុខលែងរួច ព្រមទាំងបណ្ដាលឲ្យរបាំងថ្មពុះចែកទ្រូងផ្លូវ បាន របើកដួលខ្ទាតរាយប៉ាយ ច្រើនកង់ ។ 

ក្រោយកើតហេតុ នគរបាលខណ្ឌដង្កោបាននិងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងនិងនាំយករថយន្តទាំង៣គ្រឿងទៅ រក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕