បេសកកម្មដើរថ្មើរជើងពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាបរបស់កញ្ញា កុយ អេនណា ក្រោមប្រធានបទ «ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍» ទើបតែបញ្ចប់ទៅកាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៥ ថ្មីៗនេះទេ។ បេសកកម្មដើរនៅលើដងវិថីដ៏វែងឆ្ងាយ ដែលមានរយៈចម្ងាយជាង ៣១២ គីឡូម៉ែត្រនេះ មានគោលបំណងពីរសំខាន់ៗ ដូចជា ដើម្បីរៃអង្គាសថវិកាសប្បុរស ជួយគាំទ្រដល់ក្មេងៗ ឬជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា និង ដើម្បីផ្សព្វផ្សាយពីការធ្វើដំណើរទេសចរណ៍ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាប។ 

យ៉ាងណាមិញ កញ្ញា កុយ អេនណា បានចាប់ផ្តើមធ្វើបេសកកម្មនេះ តាំងពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ មកម្ល៉េះ ដោយគោលដៅធ្វើដំណើរដំបូង គឺចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបិទបញ្ចប់គោលដៅ នៅមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៥ ដោយបានចំណាយរយៈពេលរហូតដល់ទៅ ២២ ថ្ងៃឯណោះ។

នៅក្នុងដំណើរកៀរគរថវិកាពីសប្បុរសជននេះ អេនណា តែងតែរំលឹកពីសណ្តានចិត្តដ៏ល្អប្រពៃរបស់បងប្អូនខ្មែរជារឿយៗ ពោលគឺប្រជាជនខ្មែរតែងតែផ្តល់ភាពកក់ក្តៅ និងក្តីស្រឡាញ់យ៉ាងច្រើនលើសលប់ជាដើម។

កញ្ញា កុយ អេនណា ក៏បានរំលឹកឱ្យដឹងបន្ថែមថា ក្រោយបិទបញ្ចប់បេសកកម្ម «ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍» ដោយជោគជ័យ តារាស្រីរូបនេះ ក៏នឹងបន្តបេសកកម្មថ្មីមួយទៀត ដោយបេសកកម្មនេះ នឹងផ្សារភ្ជាប់តំបន់ទេសចរណ៍នៅកម្ពុជាឱ្យបានកាន់តែខ្លាំងជាងនេះបន្ថែមទៀត។ ដ្បិតថា អេនណា បានបង្ហើបឱ្យដឹងយ៉ាងនេះក្តី តែនៅមិនទាន់បញ្ជាក់ពីថ្ងៃចាប់ផ្តើម និងទីតាំងដែលនឹងត្រូវធ្វើដំណើរទៅនោះទេ៕