ភ្នំពេញ៖
យោងតាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ មានស្រ្តីម្នាក់បានបីកូនប្រុសរបស់ខ្លួនម្នាក់អាយុប្រហែលកន្លះខែ ជិះម៉ូតូកង់បី១គ្រឿងទៅកាន់ហាងអ៊ុតសក់មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវបេតុងភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លុះពេលទៅដល់ នាងបានប្រាប់ម្ចាស់ហាងថា មកអ៊ុតសក់ ប៉ុន្តែខណៈនោះមិនទាន់បានអ៊ុតសក់ផង ក៏បានផ្ញើកូនប្រុសរបស់ខ្លួនខាងលើ នៅជាមួយជាងអ៊ុតសក់ ដោយប្រាប់ថាមានការចេញក្រៅមួយភ្លែត រួចក៏ទៅបាត់រហូតមិនឃើញត្រលប់មកវិញឡើយ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលចាំបាត់ៗមិនឃើញ ស្រ្តីរូបនោះត្រលប់ទៅយកកូនរបស់ខ្លួនវិញ ទើបម្ចាស់ហាងអ៊ុតសក់ រាយការណ៍ទៅកាន់អាជ្ញាធរសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ក្រោយពេលទទទួលបានដំណឹងនេះ អាជ្ញាធរសង្កាត់ស្រះចក បានចុះទៅទទួលយកក្មេងប្រុសខាងលើនេះ នាំយកទៅថែរក្សាបណ្ដោះអាស្ននៅសាលាសង្កាត់ បន្ទាប់មក បានប្រគល់បន្តជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាររាជធានីភ្នំពេញហើយ ៕
