កណ្តាល ៖
រថយន្តម៉ាកVISTOកែច្នៃឃ្លុបដឹកទំនិញមួយគ្រឿង បានរងការឆាបឆេះខណៈ កំពុងធ្វើដំណើរ ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋនាំគ្នាជួយទាញបំពង់ពន្លត់អគ្គីភ័យ និងទុយោទឹក ព្រមទាំងដងទឹកជះពន្លត់ អ្នកបើកបរមានឈ្មោះធឿន សុធា ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរអ្នកបើកបរឡានដឹកអីវ៉ាន់។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាករណីឆេះរថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១៥រសៀល ថ្ងៃទី០៨ កញ្ញា ២០២៥ នៅលើផ្លូវលេខ១១៥ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ករណីនេះ អាចបណ្តាលមកពីឆ្លងចរន្តប្រពន្ធ័ភ្លើងរថយន្ត ដោយខ្លួនឯង។
ប្រភពដដែលបានបន្ថែមថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកVISTO ច្នៃធ្វើឃ្លុបសម្រាប់ដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2T.2685 ធ្វើដំ ណើរតាមបណ្តោយផ្លូវជាតិលេខ១១៥ ក្នុងទិសដៅពីលិចទៅកើត ពីស្តុបព្រែកហូរឆ្ពោះទៅស្តុបកាកបាទក្រហម។ ពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីក្បាលរថយន្តត្រង់ម៉ាស៊ីន បង្កជាផ្សែងឈ្មួលខ្មាន់ និងអណ្តាតភ្លើងសន្ធោសន្ធៅឡើង និងបានឃើញអ្នកបើកបរ ឈប់ហើយបែកទ្វារចេញពីរថយន្ត។
ឃើញដូច្នោះ សមត្ថកិច្ចនិងប្រជាពលរដ្ឋបាននាំគ្នា យកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ និងខ្លះទាញទុយោបាញ់ទឹកបាញ់ ខ្លះជួយដងទឹកជះពន្លត់ ហើយមួយសន្ទុះក្រោយមកភ្លើងក៏បានរលត់ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រើទឹកអស់មួយឡានករណីនេះដែលមិនបណ្តាលឱ្យនរណាម្នាក់រងរបួស ឬរាលដាល់ទៅដល់ទ្រព្យសម្បត្តិអ្នកដ៏ទៃឡើយ៕
