ភ្នំពេញ៖ 

បុរសម្នាក់បានបើករថយន្តរត់តាក់ស៊ីមួយគ្រឿង បោះពួយយ៉ាងលឿនមិនប្រយ័ត្នជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យបាក់មួយដើម ចំណែករថយន្តបង្កខ្ទេចមួយកំណាត់មុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនាវេលាម៉ោង១១:៣០នាទីថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ ១០៨០ ក្នុសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីរកន្លែងកើតហេតុបានអត់ដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តរត់តាក់ស៊ី ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CF-6131 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៨០ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យបាក់មួយដើមរាបដល់ដី។

ចំណែករថយន្តបង្ក ខ្ទេចមួយកំណាត់មុខខូចខាតយ៉ាងដំណំ សំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរអ្នកបលករថយន្តបង្កគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕