ភាពយន្តខ្នាតធំរបស់កម្ពុជាដ៏ល្បីល្បាញ ដែលដកស្រង់ចេញពីរឿងពិត រឿង «ភ្លើងឆេះក្លឹបក្រោមដី» របស់ផលិតកម្ម LD Picture ដែលចាក់បញ្ចាំងនៅតាមបណ្តារោងកុននានា ក្នុងប្រទេសកម្ពុជានាពេលកន្លងមក បានផ្ទុះការគាំទ្រយ៉ាងខ្លាំងពីអ្នកនិយមទស្សនាភាពយន្តខ្នាតធំ។ ក្រឡេកទៅមើលតួអង្គសម្តែងនៅក្នុងរឿងមួយនេះវិញក៏ដូចគ្នាដែរ  មហាជនបានផ្ទុះការចាប់អារម្មណ៍ ពីសមត្ថភាពសម្តែងរបស់ពួកគេយ៉ាងខ្លាំង ដោយភាគច្រើនតួអង្គសំខាន់ៗនៅក្នុងរឿងនេះ ត្រូវបានមហាជនឃើញថាសុទ្ធសឹងតែជាតួអង្គជំនាន់ថ្មី ប៉ុន្តែពោរពេញដោយសមត្ថភាពក្នុងការសម្តែង ដោយម្នាក់ៗឆក់បានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនា។

យ៉ាងណាមិញ តួអង្គប្រុសនៅក្នុងរឿង «ភ្លើងឆេះក្លឹបក្រោមដី» លោក ប៊ុន ខេវិន សម្ដែងជាតួអង្គលោក ឈឿន សំណាង  ក៏ទទួលបានការចាប់អារម្មណ៍មិនតិចនោះដែរ ក៏ព្រោះតែសមត្ថភាពនៃការសម្ដែងរឿងនេះ បានធ្វើឲ្យលោក ទទួលបានការងារសម្ដែង ជាតួអង្គឯកក្នុងភាពយន្តខ្នាតធំជាបន្តបន្ទាប់ ដែលមានការចាក់នៅតាមរោងកុងស្ទើតែមិនរំលងនោះទេ។ 

ដោយឡែក បើតាមការឱ្យដឹងនាពេលថ្មីៗនេះ លោក ប៊ុន ខេវិន ក៏ត្រៀមនឹងបញ្ចេញសា្នដៃថ្មីមួយទៀត ជារឿងខ្នាតធំទីបីរបស់ខ្លួននៅក្នុងផលិតកម្ម LD Picture បន្ទាប់ពីជោគជ័យខ្លាំងនៅក្នុងរឿង «ភ្លើងឆេះក្លឹបក្រោមដី» និង រឿង «កំពូលក្រមុំទាំងបី»។ លោក បញ្ជាក់ថា រឿងខ្នាតធំទីបីនេះ លោកហ៊ានលះបង់សក់របស់ខ្លួន ដោយបានកោរសក់ពិតៗសម្រាប់ថតភាពយន្តមួយនេះ ដើម្បីចង់ឱ្យអ្នកទស្សនារឿងរបស់លោកទទួលបានអារម្មណ៍ថ្មីប្លែកមួយទៀត។ ដ្បិតថា លោក ខេវិន មិនបានប្រាប់ចំណងជើងរឿងខ្នាតធំទីបីដែលលោកបានសម្តែងក្តី ក៏លោកបង្ហើបឱ្យដឹងថា រឿងថ្មីនេះគឺជារសជាតិថ្មីប្លែកសម្រាប់លោក ដែលកន្លងមកលោកមិនធ្លាប់សម្តែងជាតួអង្គបែបនេះនោះទេ ពោលគឺលោក ខេវិន ដើរតួជាកូនដែលមិនសូវស្តាប់បង្គាប់អ្នកមានគុណ។ បន្ថែមពីលើនេះ នៅក្នុងសាច់រឿងក៏មានបញ្ចូលទាំងការអប់រំ កំប្លែង កម្សត់ លាយលំគ្នាគ្រប់រសជាតិតែម្តង។  

គួរបញ្ជាក់ថា លោក ប៊ុន ខេវិន ក៏ធ្លាប់បង្ហាញខ្លួនជាច្រើននៅក្នុងខ្សែភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ជាពិសេសរឿង ទេវបុត្រ 4G រាជនី 79 ដែលផ្ទុះការគាំទ្រយ៉ាងខ្លាំងនាពេលកន្លងមក។ ជាមួយគ្នានេះ បើសិនជាមហាជនអ្នកគាំទ្រចង់ដឹងថាសាច់រឿងថ្មីដែលជាចំណងដៃទីបីនៅក្នុងផលិតកម្ម LD Picture មានចំណីចក្ខុថ្មីប្លែកយ៉ាងណានោះ កុំភ្លេចរង់ចាំតាមដានទស្សនានៅតាមរោងកុន ដែលនឹងធ្វើការចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះ៕