លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានថ្លែងបញ្ជាក់ថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី ប្រសិនបើលោកមកកាន់ទីក្រុងមូស្គូ។ កន្លងមក លោកប្រធានាធិបតី ហ្សេលេនស្គី បាននឹងកំពុងជំរុញឲ្យមានជំនួបជាមួយលោកប្រធានាធិបតី ពូទីន ដើម្បីពិភាក្សាអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលអាចកើតមាន ដើម្បីបិទបញ្ចប់សង្រ្គាមដ៏រាំរៃនៅក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក៏កំពុងជំរុញឲ្យមានជំនួបរវាងមេដឹកនាំទាំងពីរនេះ។ ថ្លែងនៅក្នុងប្រទេសចិន លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ពីការបើកចំហដើម្បីជួបជាមួយលោកប្រធានាធិបតី ហ្សេលេនស្គី ប៉ុន្តែបានរំលឹកឡើងវិញនូវជំហររបស់វិមានក្រឹមឡាំងថា កិច្ចប្រជុំបែបនេះត្រូវតែរៀបចំឲ្យបានល្អជាមុន ដើម្បីឆ្ពោះទៅរកលទ្ធផលជាក់ស្តែង។ ឆ្លើយតបទៅនឹងការលើកឡើងនេះដែរ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា លោកមិនមានសារអ្វីទៀត សម្រាប់លោកប្រធានាធិបតី ពូទីន នោះទេ ដោយលោកកំពុងរង់ចាំការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការចង់បញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន ឬយ៉ាងណា។
