លោកប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី ប្រាបូវូ ស៊ូប៊ៀនតូ (Prabowo Subianto) បានលុបចោលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន ខណៈដែលការតវ៉ាក្នុងប្រទេសអស់រយៈពេលជាច្រើនថ្ងៃ បានផ្ទុះទៅជាបាតុកម្មហឹង្សា។ រហូតមកដល់ពេលនេះ មានមនុស្ស 3 នាក់ហើយបានស្លាប់ និង 5 នាក់ទៀតរងរបួសបន្ទាប់ពីក្រុមបាតុករបានដុតបំផ្លាញអគារសភាក្នុងប្រទេសឥណ្ឌូនេស៊ី។ គួរបញ្ជាក់ផងដែរថា ការតវ៉ាដែលជាការធ្វើតេស្តដ៏សំខាន់លើកដំបូងលើរដ្ឋាភិបាលរបស់លោក ប្រាបូវូ បានចាប់ផ្តើមផ្ទុះឡើងនៅក្នុងទីក្រុងហ្សាកាតាកាលពីចុងសប្តាហ៍កន្លងទៅនេះ ជុំវិញប្រាក់បៀរវត្តន៍របស់សមាជិកសភា នឹងបានវិវឌ្ឈន៍ទៅរកភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីរថយន្តរបស់ប៉ូលីស បានបុកសម្លាប់អ្នកតវ៉ាដែលកំពុងបើកម៉ូតូម្នាក់។