កំពង់ស្ពឺ៖

ក្មេងស្ទាវបង្ហោះម៉ូតូតាមផ្លូវសាធារណៈបង្កភាពអនាធិបតេយ្យ ត្រូវបានកម្លាំង នគរបាលធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយឃើញបណ្តាញសង្គមចែកចាយរូបភាព ។

ការស្រាវជ្រាវឃាត់ខ្លួនក្មេងស្ទាវបង្ហោះម៉ូតូខាងលើ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា ក្មេងស្ទាវ ដែលឃាត់ខ្លួនមានឈ្មោះ ធីម វ៉ាន់រាជ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលខេត្តកំពង់ស្ពឺ បានបន្តថា នៅមុនពេលឈានទៅដល់ការស្រាវជ្រាវឃាត់ខ្លួន ក្មេងស្ទាវទំនើងបង្ហោះម៉ូតូខាងលើ គឺស្របតាមប្រសាសន៍និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បន្តសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចការ ការពារសុខ សន្តិភាព និងបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅ ភូមិ~ឃុំ មានសុវត្ថិភាព ផងនោះ។ ដោយអនុវត្ដតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច បានសហការធ្វើការស្រាវជ្រាវនិងឃាត់ក្មេងទំនើងម្នាក់ដែលធ្វើការបង្ហោះ  ម៉ូតូតាមផ្លូវសាធារណៈ មុខសាលាបឋមសិក្សា ស្ថិតនៅក្នុងភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ អ្នកបង្ហោះម៉ូតូមានឈ្មោះ ធីម វ៉ាន់រាជ ភេទប្រុស អាយុ១៦ឆ្នាំ ។

សមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវ ក្រោយឃើញប្រភពព័ត៌មានតាមបណ្ដាញ សង្គម ហ្វេសប៊ុកបានធ្វើការបង្ហោះចែកចាយរូបភាពនៃសកម្មភាពខាងលើ ដោយដកហូតម៉ូតូ០១ គ្រឿង ម៉ាកនិច ពណ៌ខៀវ ពាក់ផ្លាកលេខកំពង់ស្ពឺ1AA-2968 ទុករយៈពេល៩០ថៃ្ង និងបាន ធ្វើការអប់រំ កិច្ចសន្យានិងកោសក់ក្បាល ប្រគល់ជូនអាណាព្យាបាលគ្រប់គ្រងមិនឱ្យប្រព្រឹត្ដ ទង្វើបែបនេះជាលើកទី២ទៀតទេ៕