ភ្នំពេញ៖ 

ជនសង្ស័យជាក្រុមក្មេងទំនើង៖ ក្រុមចាក់អង្រែ (CA) ,ក្រុមផ្សារក្រមួន និង ក្រុមតាខ្មៅ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បង្ក្រាបបានជាបន្តបន្ទាប់និងនាំយកបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី ១១ខែកញ្ញា ឆ្នាំ២០២៥បន្ទាប់ពីក្រុមក្មេងទំនើងទាំងនោះប្រដាប់ដោយដាវ ដុំថ្ម បង្កហិង្សា ដោយចេតនាកាប់និងវាយទៅលើជនរងគ្រោះចំនួន៣ករណីបណ្ដាឲ្យស្លាប់ម្នាក់និងរបួស៤នាក់។    

លោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបញ្ជាផ្ទាល់ដោយឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ, កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលបាន សហការជាមួយអធិការនគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ ដោយឃាត់ជនសង្ស័យចំនួន១៤នាក់ ជាប្រភេទក្រុមក្មេងទំនើងឈ្មោះ ក្រុមចាក់អង្រែ (CA) ក្រុមផ្សារក្រមួន និង ក្រុមតាខ្មៅនៅថ្ងៃទី០៩ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។ នៅក្នុងការឃាត់ខ្លួនក្មេងទំនើងនេះសមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចំនួន០៧ គ្រឿង និងដាវកែច្នៃចំនួន០២ដើម ជាបន្តបន្ទាប់។ 

 លោកវរសេនីយ៍ឯកម៉ម សាវន បានអោយដឹងទៀតថាក្រុមក្មេងទំនើងនេះប្រព្រឹត្តបទល្មើសបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន៣ករណីផ្សេងគ្នា។ បន្ទាប់ពីបង្ហាញមុខ សមត្ថកិច្ចបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕