ព្រះវិហារ៖ 

យ៉ាងហោចណាស់ទំនិញខូចគុណភាពជាគ្រឿងក្នុងមាន់បង្កកចំនួន ៣តោន ៥០០គីឡូក្រាម ដែលនាំចូលមកកម្ពុជា តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានក្រុមការងារចម្រុះ ធ្វើការបង្ក្រាបដុតកម្ទេចចោល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។

បើតាមលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់បញ្ជាផ្ទាល់ពីឯកឧត្តម ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ បានចាត់ឲ្យរូបលោក ដឹកនាំសម្របសម្រួលនីតិវីធី ចុះឃាត់ រថយន្ដចំនួន ២គ្រឿង ដែលដឹកទំនិញគ្រឿងក្នុងមាន់បង្កកចំនួន៣តោ៥០០គីឡូក្រាម ដែលខូចគុណភាពប្រែពណ៌មិនអាចប្រើប្រាស់បាន ចូលមកតាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ  ។

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងបន្ថែមទៀតថា ក្នុងប្រតិបត្តិការ បង្ក្រាបនោះផងដែរ មានការចូលរួមសហការដោយសមត្ថកិច្ចចម្រុះ មានសមាសភាព ចូលរួម សាខាគយ និងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ , នគរបាលខេត្តព្រះវិហារ , អាជ្ញាធរស្រុកត្បែងមានជ័យ ,សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច, មន្រ្ដីការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ សមត្ថកិច្ចចម្រុះ ចាប់ឃាត់រថយន្ដចំនួន២គ្រឿង ទី១ មានផ្លាកលេខ សៀមរាប 2C-6427 ដឹកគ្រឿងក្នុងមាន់(កោះមាន់) ចំនួន១,៥០០គីឡូ និងរថយន្ដទី២ មានផ្លាកលេខ ភ្នំពេញ 3D-7626 ដឹកគ្រឿងក្នុងមាន់(កោះមាន់) ចំនួន ២,០០០គីឡូ បានដឹកទំនិញគ្រឿងក្នុងមាន់បង្កក(កោះមាន់) ខូចគុណភាពប្រែពណ៌ មិន អាចប្រើប្រាស់បាន និងពុំមានឯកសារត្រឹមត្រូវ ព្រមទាំងដឹកជញ្ជូនខុសបច្ចេកទេស និង បានធ្វើការដកហូតដុតកម្ទេចចោលនូវទំនិញគ្រឿងក្នុងមាន់បង្កក(កោះមាន់) សរុបចំនួន ១៩៥ កេស ស្មើនឹង ៣,៥០០ គីឡូក្រាម ។

ចំណែករថយន្ដ២គ្រឿងជាមធ្យោបាយប្រព្រឹត្តបទល្មើសខាងលើត្រូវបានប្រគល់ឲ្យសាខាគយនិងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ ធ្វើការផាកពិន័យតាមនីតិវិធីច្បាប់គយផងដែរ ៕