រដ្ឋមន្ត្រីការបរទេសប្រទេសបែលហ្ស៊ិក លោក ម៉ាស៊ីម ប្រេវុត (Maxime Prevot) បានប្រកាសកាលពីថ្ងៃអង្គារ ទី2 ខែកញ្ញាថា ប្រទេសបែលហ្ស៊ិក នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដោយជំហាននេះ កាន់តែបន្ថែមសម្ពាធអន្តរជាតិលើអ៊ីស្រាអែល បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នានេះ ដោយប្រទេសជាច្រើនរួមទាំងប្រទេសអូស្ត្រាលី អង់គ្លេស កាណាដា និងបារាំង។ លោក ម៉ាស៊ីម  បានបន្តថា ប្រទេសបែលហ្ស៊ិក នឹងចូលរួមជាប្រទេសហត្ថលេខីនៃសេចក្តីប្រកាសក្រុងញូវយ៉ក ដោយត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយរដ្ឋពីរ ឬរដ្ឋប៉ាឡេស្ទីនដែលរួមរស់ក្នុងសន្តិភាពជាមួយអ៊ីស្រាអែល ដើម្បីបិទបញ្ចប់សោកនាដកម្មមនុស្សធម៌ដែលកំពុងកើតមានក្នុងតំបន់ហ្គាហ្សា ក្រោមការរំលោភបំពានលើច្បាប់អន្តរជាតិរបស់អីស្រាអែល។  ក្រោមការរិះគន់ជាសកលសម្រាប់សង្គ្រាមរបស់ខ្លួននៅតំបន់ហ្គាហ្សា អ៊ីស្រាអែល បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះការប្រកាសទទួលស្គាល់ជាផ្លូវការ នូវរដ្ឋប៉ាឡេស្ទីននេះ។