ភ្នំពេញ៖ 

អ្នកដំណើរ បានប្រទះឃើញស្បែកជើងប៉ាតា ពណ៌ពងមាន់ ១គូនិងទូរស័ព្ទដៃ ១គ្រឿងនៅលើស្ពានព្រះមុនីវង្សចាស់ កៀកនិងបង្កាន់ដៃស្ពានតែម្ដង ។ ខណៈនោះដោយសារតែសង្ស័យថា មានមនុស្សលោតទឹកសម្លាប់ខ្លួន ក៏បានរាយការណ៍ជូនសមត្ថកិច្ចឲ្យទៅពិនិត្យមើល និងនាំយកទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវ ។ 

ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២៥នៅលើស្ពានព្រះមុនីវង្សចាស់ ស្ថិតនៅក្នុងភូមិ១០ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្រោយពេលទទួលបានដំណឹងនោះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ក៏បានចុះទៅកាន់ទីនោះភ្លាមៗដែរ ប៉ុន្តែនគរបាលពុំទាន់បានអះអាង ឬសន្និដ្ឋាន ថា បែបណានៅឡើយទេ ព្រោះមិនដឹងថា តើនរណាម្នាក់គឺជាម្ចាស់របស់ស្បែកជើងនិងទូរស័ព្ទនេះនៅឡើយ ។ ម្យ៉ាងទៀត ក៏ពុំដឹងថាម្ចាស់ តើម្ចាស់ភ្លេចនៅទីនោះ ឬក៏លោតទឹកសម្លាប់ខ្លួនបាត់ទៅហើយនោះដែរ បន្ទាប់ពីពិនិត្យជុំវិញកន្លែងកើតហេតុរួចរាល់ នគរបាលក៏បាននាំយកស្បែកជើងនិងទូរស័ព្ទនោះទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវបន្តទៀត ។

ប្រជាពលរដ្ឋ បាននិយាយថា ជារៀងរាល់យប់ មានអ្នកស្ទួចត្រីនៅស្ពានព្រះមុនីវង្សចាស់និងថ្មីនេះ ហើយពុំដឹងថាស្បែកជើងនិងទូរស័ព្ទខាងលើ គឺជារបស់អ្នកស្ទូចត្រីភ្លេចនៅទីនោះ ឬក៏ជារបស់អ្នកលោតទឹកសម្លាប់ខ្លួនបន្សល់ទុកនោះទេ ។ ទោះបីជាបែបណាមូលហេតុនិងដឹងនៅក្រោយពេលដែលនគរបាលស្រាវជ្រាវនិងឆែកកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅទីនោះ ៕