កណ្តាល៖
លស់ព្រលឹងមិនស្ទើរ! ភ្ញៀវចូលពិសារគុយទាវ រត់ចែកជើងគ្នា ដោយមានរថយន្តដឹកអេតចាយ០១គ្រឿង តៃកុងរថយន្តងោកងុយមួយភាំង ភ្ញាក់ជើងជាន់ហ្គ៊ែរ ថា ជាហ្វ្រាំង បុករះចូលផ្ទះលក់គុយទាវ បណ្តាលឲ្យខូចម៉ូតូចំនួន០៣គ្រឿង កង់០១គ្រឿង និងខូចតាកផ្ទះគុយទាវទាំងព្រឹក នៅវេលាម៉ោង០៨និង០០នាទីថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៥ នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ21 ស្ថិតក្នុងភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា÷មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក FRONTIER ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2G 5791 មានដឹកអេតចាយពេញ បើកបរដោយឈ្មោះ សម្បត្តិ មករា ភេទប្រុស២១ឆ្នាំ មុខរបរបើកបរ រថយន្តមានទីលំនៅ ភូមិ ទាមទោល ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល បើកបរក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-កោះធំ)។
ពេលមកដល់ចំណុចកើតហេតុ អ្នកបើកបររថយន្តបានងោកងុយមួយភាំង ភ្ញាក់ជាន់ហ្គ៊ែរ ថា ជាហ្វ្រាំង ជ្រុលចង្កូតទៅបុកតាកផ្ទះលក់គុយទាវ ដែលមានម្ចាស់ផ្ទះ ឈ្មោះ អៀច សាវុន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរលក់គុយទាវ និង បុករះម៉ូតូភ្ញៀវមកពិសារគុយទាវចំនួន០៣គ្រឿងនិងកង់ចំនួន០១គ្រឿង តែជាសំណាង ដោយមិនមានរងរបួសគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។ ចំពោះអ្នកបើកបររថយន្ត ត្រូវបានកម្លាំងជំនាញហៅយកមកធ្វើការសាកសួរ។ តាមការសន្និដ្ឋានបឋម ករណីនេះ គឺបណ្ដាលមកពីអ្នកបើកបររថយន្តបើកបរធ្វេសប្រហេសក្នុងស្ថានភាពងងុយដេក ទើបបណ្ដាលឱ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៕
