ថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសប្រទេសរុស្ស៊ី លោក សឺរហ្គី ឡារូហ្វ បានព្រមានថា រាល់ការឈ្លានពានណាមួយប្រឆាំងនឹងប្រទេសរុស្ស៊ី "នឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់"។ លោក ឡារូហ្វ បានបន្តថា បណ្តាប្រទេសលោកខាងលិច បានគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះការប្រើប្រាស់កម្លាំងប្រឆាំងនឹងរុស្ស៊ី ខណៈដែលបានចោទប្រកាន់រុស្ស៊ីពីការរៀបចំផែនការវាយប្រហារសមាជិកអង្គការណាតូ និងបណ្តាប្រទេសសហភាពអឺរ៉ុប បើទោះបីជាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបដិសេធម្តងហើយម្តងទៀតនូវការញុះញង់បែបនេះ។ រីឯសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន លោក ឡារូហ្វ ក៏បានបញ្ជាក់ថា ដូចដែលលោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ប្រទេសរុស្ស៊ី នៅតែបើកចំហចំពោះការចរចា ដើម្បីលុបបំបាត់មូលហេតុដើមចមនៃជម្លោះ ហើយសន្តិសុខ និងផលប្រយោជន៍សំខាន់ៗរបស់ប្រទេសរុស្ស៊ី ត្រូវតែធានា ខណៈដែលសិទ្ធិរបស់ប្រជាជនរុស្ស៊ី និងប្រជាជនដែលនិយាយភាសារុស្សីនៅក្នុងទឹកដីដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ត្រូវតែស្ដារឡើងវិញ និងគោរព ហើយរុស្ស៊ីមានឆន្ទៈក្នុងការពិភាក្សាអំពីការធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែនដោយផ្អែកលើមូលដ្ឋាននេះ។
