ភ្នំពេញ៖ 

ក្រុមយុវជនស្ទាវចំនួន៤នាក់ ដែលបង្កហិង្សាវាយគ្នានៅតាមដងផ្លូវសាធារណៈនៅក្នុងសង្កាត់បឹងកក់ទី២ នៅពេលភ្លៀងធ្លាក់ជនលិចផ្លូវ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកស្រាវជ្រាវឃាត់ខ្លួនបានហើយ។ 

 ជនសង្ស័យដែលបង្កហិង្សា៖ ១-ឈ្មោះ ម៉ៅ ប្រុសហ៊ុល  អាយុ១៥ឆ្នាំ ,២-ឈ្មោះ បោយ រ៉ាទី ភេទប្រុស អាយុ១៥ឆ្នាំ ,៣-ឈ្មោះ វ៉ាន់ មករា ភេទប្រុស អាយុ១៥ឆ្នាំ និង៤-ឈ្មោះ អូន ផានិត ភេទប្រុស អាយុ១៥ឆ្នាំ។អ្នកទាំង៤នាក់ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ចំណែកជនរងគ្រោះចំនួន០២នាក់ពុំស្គាល់អត្តសញ្ញាណឡើយជិះម៉ូតូ០១គ្រឿងម៉ាក Honda ស៊េរី2022 ពណ៍ខ្មៅ មិនចាំផ្លាក ក្រោយពេលកើតហេតុជិះម៉ូតូចាកចេញទៅបាត់ ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវមកដាក់ពាក្យបណ្ដឹង។ 

តាមនគរបាលខណ្ឌទួលគោក បានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា  ឆ្នាំ២០២៥នៅ វេលាម៉ោងប្រហែល២១:០០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់ជាបន្តបន្ទាប់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយជនសង្ស័យបាន ប្រើមួកការពារសុវត្ថិភាពនិងប្រើដៃ, ជើងវាយនិងធាក់លើជនរងគ្រោះ០២នាក់បណ្ដាលឲ្យរងរបួសក្បាលនិងដងខ្លួនកាលការពារវេលាម៉ោង ១៩និង៣៦នាទីយប់ថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២៥នៅចំណុចលើដងផ្លូវលេខ៦០៨ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

គួរបញ្ជាក់ថា អំពើហិង្សានេះបានកើតឡើង ខណៈពេលដែលភ្លៀងធ្លាក់និងជនលិចផ្លូវ ហើយជនសង្ស័យមួយក្រុមមានគ្នា៤នាក់បាននាំគ្នាព្រួតវាយទៅលើយុវជនពីរនាក់ដូចនៅក្នុងរឿងកុនហើយត្រូវបានប្រជាពលរដ្ឋថតបង្ហោះនៅក្នុងបណ្ដាញសង្គម។លុះរំលងបានប្រមាណជាង១ម៉ោងត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកនិងនគរបាលប៉ុស្តិ៍បឹងកក់ទី ២ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់៕