ពោធិ៍សាត់៖
ជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ព័ទ្ធចាប់ នៅលើដងផ្លូវ១ខ្សែ បន្ទាប់ពីទទួលព័ត៌មានពីចារកម្មរបស់ខ្លួន រួមទាំងដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន១៨កញ្ចប់ និងកាណូត១គ្រឿង។ នេះ បើតាមការបញ្ជាក់ពីលោកអធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង នាព្រឹកថ្ងៃពុធទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ។
លោកអធិការនគរបាលឲ្យដឹងទៀតថា ករណីបង្រ្កាបជនសង្ស័យជនជាតិវៀតណាមជាមុខសញ្ញារួមទាំងវត្ថុតាងខាងលើ នៅលើកំណាត់ផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ក្បែរមណ្ឌលសុខភាពកញ្ជរ ស្ថិតនៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
លោក បញ្ជាក់ទៀតថា ជនសង្ស័យជនជាតិវៀតណាមដែលត្រូវបានកម្លាំងសមត្ថកិច្ចបង្រ្កាបនោះឈ្មោះ ង្វៀង យ៉ាំងហុង ភេទប្រុស អាយុ ៤៤ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជននេះជាមុខសញ្ញាចែកចាយ ដោយយកពីលើគោកទៅចែកចាយនៅលើផ្ទៃទឹក ។
លោកអធិការ បញ្ជាក់បន្ថែមទៀតថា ក្នុងនោះកម្លាំងបានឆែកឆេរក្នុងឃ្លុបក្បាលកាណូតរកឃើញនិងដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១៨កញ្ចប់ រួមទាំងកាណូតចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យជនជាតិវៀតណាម ត្រូវបានកម្លាំងបង្រ្កាបរួមទាំងវត្ថុតាង កំពុងបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ដើម្បីបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋានខេត្តពោធិ៍សាត់ចាត់ការបន្ត ៕
