កណ្តាល ៖
ប្តីនិងប្រពន្ធ បានស្លាប់បាត់បង់ជីវិតទាំង០២នាក់នៅនិងកន្លែង ឯមនុស្ស ប្រុសស្រី៤នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ដែលបង្កឡើងដោយរថយន្តបុករះម៉ូតូចំនួន ៣គ្រឿង ដេកដួលរណូករណែលពេញផ្លូវ ខណ:អ្នកបើកបររថយន្តមិនស្គាល់អត្ត សញ្ញាណ បានរត់គេចខ្លួនមុនសមត្ថកិច្ចទៅដល់បន្សល់ទុកតែរថយន្ត ដោយករណីគ្រោះ ថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ០៦និង០០នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៥នៅលើកំណាត់ផ្លូវជាតិលេខ 5 (ផ្លូវចាស់) ចន្លោះគីឡូម៉ែត្រលេខ ( 36-37) ស្ថិតក្នុងភូមិចេតិយទ្រេត ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានប្រាប់អោយដឹងថា÷នៅវេលាម៉ោងកើតហេតុ មានរថយន្ត០១គ្រឿងម៉ាក SSANG YOUNG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AT-0048 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បើកបរមានទិសដៅពីលិចទៅកើត លុះពេលមកដល់កន្លែងកើតហេតុ ក៏បានបុករះម៉ូតូ ចំនួន ០៣គ្រឿង ដែលកំពុងបើកបរ មានទិសដៅពីកើតទៅលិច(បញ្ចា្រសទិសគ្នា) ។
លោកអធិការ បានបញ្ជាក់ថា÷ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម លោកបានបញ្ជាលោកអធិការរងផ្នែកជំនាញចរាចរណ៍ជើងគោក ចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុពិនិត្យ និង ធ្វើការវាស់វែង ដោយបញ្ជូនជនរងគ្រោះជាអ្នករបួសដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកសពប្តីប្រពន្ធទាំង០២នាក់ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយធ្វើដំណើរក្នុងនោះ រថយន្តរងការខូចខាតស្រាល ចំនែកម៉ូតូរងការ ខូចខាតធ្ងន់ទាំង០៣គ្រឿង ត្រូវបានសមត្តកិច្ចយកមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី ។
សមត្ថកិច្ចជំនាញ បានដាក់សេចក្តីសន្និដ្ឋានថា÷ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺ បណ្តាលមកពីអ្នកបើកបររថយន្ត ជាអ្នកបង្កហេតុ បើកបរមានការធ្វេសប្រហែស ខ្ជីខ្ជាខ្វះ ការប្រុងប្រយ័ត្ន ប្រើប្រាស់ល្បឿនលឿននៅចំណុចមានផ្លូវកោង ៕
