ព្រះវិហារ
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅនេះ ឯកឧត្តម វ៉ាង វីនប៊ីន(WANG WENBIN) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ ៣០០គ្រួសារ កំពុងស្នាក់នៅមណ្ឌលសុវត្តិភាពវត្តកំពង់សង្កែ ក្នុងស្រុកឆែប ខេត្តព្រះវិហារ ព្រមទាំងថវិកា ១០ម៉ឺនដុល្លារ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់ក្នុងមណ្ឌលសុវត្តិភាពនានា ក្នុងខេត្តព្រះវិហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងជួយសម្រួលដល់ការស្ដារជីវភាពឡើងវិញបន្ទាប់ពីវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
ប្រជាពលរដ្ឋភៀសសឹកបានជម្លៀសខ្លួនមកពីភូមិឃុំប្រឈមនិងការវាយប្រហារពីសំណាក់កងទ័ពថៃ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នាវេលាប្រមាណម៉ោង ១១:៥២នាទីព្រឹកកងទ័ពថៃ បានធ្វើការបាញ់មកខាងកម្ពុជាលើកទី២ ដោយតាមរយៈការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ តែខាងកម្ពុជា អត់ធ្មត់និងគោរពក្រោយបទឈប់បាញ់ចូលជាធរមាន៕
