កំពង់ឆ្នាំង៖
កម្លាំងខណ្ឌរដ្ឋបាលជលផល បានសហការយ៉ាងល្អជាមួយកងកំលាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តចុះបង្ក្រាបបទល្មើសនេសាទជារៀងរាល់ថ្ងៃ ក្នុងការ
បង្ក្រាបទប់ស្កាត់ និង កម្ទេចចោលនូវបទល្មើសនេសាទទាំងនោះ នៅនិងកន្លែងតែម្តង។
ជាក់ស្តែង នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ សហការជាមួយគណបញ្ចាការឯកភាពរដ្ឋបាលស្រុកជលគិរី, កងកំលាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និង សហគមន៍នេសាទកោះធំ ដឹកនាំដោយលោក មុត ម៉េង អភិបាលរងស្រុកជលគិរី កម្លាំងចូលរួមសរុប ចំនួន២១នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ ចំនួន ៦ គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងនោះ បានប្រទះឃើញរបាំងលូស្បៃមុង នៅចំណុចទំនប់តាកុយ ស្ថិតក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី និងចំណុចកបឹងតូច ភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង។
ប្រតិបត្តិការនេះ សមត្ថកិច្ច បានឯកភាពគ្នា ចុះរុះរើនិងបំផ្លាញវត្ថុតាងដែលជាឧបករណ៍នេសាទខុសច្បាប់ស្តីពីជលផលនៅនឹងកន្លែង។
ជាលទ្ធផល សម្រេចបានដូចខាងក្រោម៖ កម្ទេចរបាំងស្បៃមុងចំនួន០១ករណីស្មើនិង២០កន្លែង ប្រវែង៦០០ម៉ែត្រ លបលូស្បៃមុងចំនួន២០មាត់ បង្គោលចំនួន៤០០ដើម និងចាក់លែងត្រីល្អិតចម្រុះចូលដែននេសាទវិញ ចំនួន ២០០ គីឡូក្រាម។
គួរបញ្ជាក់អោយដឹងថាទោះបីមានការបង្ក្រាបពីសមត្ថកិច្ចចម្រុះក្នុងខេត្តកំពង់ឆ្នាំងយ៉ាងមមាញឹកយ៉ាងណាក៏ដោយ គេសង្កេតឃើញថាជនប្រព្រឹត្តបទល្មើសទាំងនោះ នៅតែកើតមានឡើង បានន័យថា បង្ក្រាបខាងមុខ កើតមានខាងក្រោយដូចវែកចក៕
