ក្រោយពេលស្ងប់ស្ងាត់មួយរយៈ មិនសូវបង្ហាញមុខនៅក្នុងវិស័យសិល្បៈដូចសព្វមួយដង ស្រាប់តែនៅរសៀលថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ ថ្មីៗនេះ តារាកំប្លែង នាយ តាក់ស៊ី ចេញមកប្រកាសក្តែងៗនៅលើបណ្តាញសង្គមថា ខ្លួនមានកម្អួតត្រីបាឡែនទម្ងន់ប្រមាណជាង ២០ គីឡូឯណោះ។
នៅក្នុងវីដេអូដែលបានបង្ហោះ នាយ តាក់ស៊ី បាននិយាយយ៉ាងដូច្នេះថា៖ “ខ្ញុំបាទនាយ តាក់ស៊ី សូមប្រកាសរកបងប្អូនណាដែលមានតម្រូវការ ចង់បានកម្អួតត្រីបាឡែនខ្ញុំមានប្រហែលជា ២០ គីឡូ ដោយថ្លឹងជញ្ជីងថ្លឹងត្រី បើឯកឧត្តមលោកជំទាវ ឬអ្នកឧកញ៉ា នឹងបងប្អូនដែលមានតម្រូវការចង់ទិញចង់បានបងប្អូនអាចទំនាក់ទំនងតាមលេខទូរសព្ទ ឬក៏ឆាតចូលផេកខ្ញុំបាទនាយ តាក់ស៊ី កំប្លែងបាន”។
យ៉ាងណាមិញ បន្ទាប់ពីវីដេអូនេះត្រូវបានផ្សព្វផ្សាយ មានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិជាបន្តបន្ទាប់ថា បើសិនពិតជាកម្អួតត្រីបាឡែនដូចការលើកឡើងរបស់ នាយ តាក់ស៊ីពិតមែន នោះគឺពិតជាលក់បានក្នុងតម្លៃថ្លៃ ក៏ព្រោះតែកម្អួតបាឡែន ឬ Ambergris ត្រូវបានគេចាត់ទុកជាវត្ថុចម្លែកបំផុតកើតឡើងដោយធម្មជាតិ ឬត្រូវបានគេហៅថា “មាសអណ្តែតទឹក” ដែលមានតម្លៃខ្ទង់លានដុល្លារឯណោះ៕
