ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងលោក គីម ហៃយ៉ុនស៊ូ ភារធារី នៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំឆ្នាំ២០២៥ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ 

លោក គីម ហៃយ៉ុនស៊ូ ភារធារី នៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានលើកឡើងថា ថ្ងៃនេះជាការជួបជុំគ្នាដើម្បីចែករំលែកស្មារតីនៃសេចក្តីស្រលាញ់កីឡាតេក្វាន់ដូ ដែលមិនត្រឹមតែជាស្នៀតប្រយុទ្ធប៉ុណ្ណោះទេ ថែមទាំងជាសិល្បៈនៃការបណ្ដុះវិន័យ និងការអភិវឌ្ឍខ្លួន ការគ្រប់គ្រងខ្លួនឯង ការគោរព និងសន្តិភាព ដើម្បីចែករម្លែកស្មារតីកីឡាតេក្វាន់ដូជាមួយកម្ពុជា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បាននឹងកំពុងគាំទ្រដល់ការបណ្ដុះបណ្តាលគ្រូបង្វឹកតៃក្វាន់ដូនៅកម្ពុជា តាមរយៈមជ្ឈមណ្ឌល KUK KIWON កម្ពុជា បានបើកដំណើរជាផ្លូវការកាលពីខែធ្នូ ឆ្នាំ២០២៤កន្លងទៅ បានក្លាយជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍតេក្វាន់ដូនៅកម្ពុជា ឱ្យមានលក្ខណៈជាប្រព័ន្ធប្រកបដោយវិជ្ជាជីវៈខ្ពស់ ហើយសង្ឃឹមថាកីឡាតេក្វាន់ដូ នឹងជួយរឹតបណ្តឹងចំណងមិត្តភាពប្រទេសទាំង២ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា ការប្រកួតប្រចាំឆ្នាំនេះ មិនត្រឹមតែជាឱកាសធ្វើការវាស់ស្ទង់វាយតម្លៃកម្រិតបច្ចេកទេសបន្ថែម ដើម្បីស្វែងរកគ្រូបង្វឹក និងកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើមៗលើប្រភេទកីឡាតេក្វាន់ដូ ហើយក៏ជាវេទិការបង្ហាញសមត្ថភាពសំដៅលើកទឹកចិត្តដល់អត្តពលិកកីឡាតេក្វាន់ដូកម្ពុជាផងដែរ និងបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការរឹតចំណងមិត្តភាពនិងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា-កូរ៉េ។

ការប្រកួតនេះបានផ្តល់ឱកាសដល់អត្តពលិកប្រភេទកីឡា តេក្វាន់ដូ WT មកពីតំណាងក្លឹបកីឡាតេក្វាន់ដូរាជធានី-ខេត្ត អាចបញ្ចេញសមត្ថភាព ទេពកោសល្យ បច្ចេកទេស និងផ្សព្វផ្សាយក្បាច់គុនដល់សាធារណជន ដើម្បីត្រៀមខ្លួនឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ (5th Asian Youth Games) នាឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះខាងមុខ។ តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមអបអរសាទរចំពោះក្មួយៗកីឡាករ-កីឡាការិនីដែលទទួលបានពានរង្វាន់ក្នុងការប្រកួតនេះ ហើយចំពោះក្មួយៗ ដែលពុំទាន់ទទួលបានជ័យលាភីក្នុងឆ្នាំនេះ សូមកុំទាន់អស់សង្ឃឹម អ្វីដែលក្មួយៗត្រូវធ្វើបន្ត គឺត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតប្រកបដោយភាពអត់ធ្មត់ ប្តេជ្ញាចិត្ត និងភាពក្លាហាន ដើម្បីសម្រេចគោលដៅ និងសង្ឃឹមថាការរៀបចំព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយនេះ នឹងបន្តកើតមានឡើងជារៀងរាល់ឆ្នាំ។