លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន វូឡូឌីម៊ែរ ហ្សេលេនស្គី បានថ្លែងបញ្ជាក់ថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយលោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្លាឌីម៊ែរ ពូទីន នៅទីណាក៏បាន លើកលែងតែទីក្រុងមូស្គូ ខណៈដែលប្រទេសរុស្ស៊ី ទាមទារឲ្យធ្វើជំនួបក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួរគី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផែសស្កូវ បានបញ្ជាក់ថា លោកប្រធានាធិបតី ពូទីន បើកចំហចំពោះកិច្ចប្រជុំជាមួយលោកប្រធានាធិបតី ហ្សេលេនស្គី ប៉ុន្តែក៏បានព្រមានថា ប្រសិនបើគ្មានការរៀបចំឲ្យបានហ្មត់ចត់ជាមុនទេនោះ គ្មានកិច្ចព្រមព្រៀងណាមួយអាចនឹងត្រូវឈានដល់នោះទេ ខណៈដែលលោក ក៏បានលើកឡើងដែរថា ទីក្រុង គៀវ មិនចាប់អារម្មណ៍នឹងសំណើរបស់ទីក្រុងម៉ូស្គូ ក្នុងការបង្កើតក្រុមការងារដើម្បីជួយសម្រួលដល់កិច្ចចរចានោះទេ។
