ភ្នំពេញ៖ 

បុរសតែងតែផឹកស្រាស្រវឹងជាប្រចាំ ហើយដើរបេះបន្លែលក់រាល់ថ្ងៃ ស្រាប់តែនៅវេលាម៉ោង៦ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ មានអ្នកដំណើរប្រទះឃើញស្លាប់ដោយលង់ទឹកលិចផ្លូវជម្រៅត្រឹមជង្គង់ ស្ថិតនៅក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បុរសនោះឈ្មោះជ័យ ចាន់ណារិទ្ធ អាយុ៤២ឆ្នាំ មុខរបរដើរបេះបន្លែលក់មានទីលំនៅ

អចិន្រ្តៃយ៍ផ្ទះលេខ១៨២ ក្រុម១៦ ភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង និងស្នាក់នៅមិនពិតប្រាកដ ។ 

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា កាលនៅរស់ បុរសនេះ បានផឹកស្រាស្រវឹងជាប្រចាំរាល់ថ្ងៃ ហើយ គាត់តែងជិះកង់ដើរបេះបន្លែ ដូចជាត្រកួនជាដើម នៅតាមវាលស្រែ តាមបឹង និងវាលទំនាបដើម្បីយកទៅលក់ យកទៅលក់រាល់ថ្ងៃ ។ រហូតដល់វេលាព្រឹកថ្ងៃកើតហេតុ មានបុរសអ្នកដំណើរម្នាក់ បានជិះម៉ូតូ១គ្រឿង ធ្វើដំណើរតាមផ្លូវលំខាងលើនោះ ហើយ ពេលទៅដល់ចំណុចកើតហេតុ ដោយមានទឹកលិចផ្លូវជម្រៅត្រង់ជង្គង់ ម៉ូតូរបស់គាត់ក៏រលត់ម៉ាស៊ីនទៅមុខលែងរួច  ។ 

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះ ក៏ប្រទះឃើញសាកសពជនរងគ្រោះនៅក្នុងទឹកក្បែរម៉ូតូរបស់គាត់ ហើយ ស្ថិតនៅចម្ងាយប្រមាណ៣០ម៉ែត្រ ពីសព ក៏មានកង់១គ្រឿងផងដែរ ។ ពេលនោះអ្នកដំណើរខាងលើ បានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក នគរបាលបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ ព្រមទំងទាក់ទងទៅកាន់ក្រុមគ្រួសារឲ្យនាំយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ៕