កណ្តាល៖
កុំចេះតែហ៊ានបុណ្យបាបពិតជាមាន មិនចាំជាតិក្រោយ ករណីជនសង្ស័យ លួចម៉ូតូរបស់ជនរងគ្រោះដែលដឹកត្រីមកលក់ក្នុងផ្សាបានហើយ និងជិះចេញទៅក្រៅ
តែចៃដន្យស្ទះផ្លូវ ត្រូវជនរងគ្រោះជាម្ចាស់ម៉ូតូក្រឡេកឃើញក៏ស្រែកថាចោរៗ ចាប់ឃាត់ខ្លួនជូនសមត្ថកិច្ច ដែលហេតុការណ៍ក្នុងអំពើលួចខាងលើ បានកើតហេតុកាលពីវេលាម៉ោង ០៨និង ៣០នាទីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥ នៅចំណុចក្នុងផ្សារតាខ្មៅថ្មី ស្ថិតក្នុងភូមិដើមមៀន( ១ ) សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ច បានប្រាប់អោយដឹងថា÷ជនរងគ្រោះមានឈ្មោះ រៀម សុផា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ត្រី រស់នៅភូមិលេខ(៤) ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល សម្ភារ:បាត់បង់ ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1U-8015 ដែលមានចងរន្ទាដែកសម្រាប់ឡាំង ដាក់ត្រី នៅកែបខាងក្រោយ ។
ចំនែកជនសង្ស័យមានឈ្មោះ ហេង វិចិត្រ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរ ពិតប្រាកដ រស់នៅភូមិព្រែកសំរោង(១)សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារចំនួន០១លើក ករណីលួច និងវិជ្ជមានសារធាតុញៀន( +) ។
ចំពោះវត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿង ម៉ាកHonda Dream C125 ជារបស់ជនរងគ្រោះ, ទូរស័ព្ទដៃ០១គ្រឿងម៉ាក VIVO ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា÷នៅវេលាកើតហេតុ ស្ត្រីរងគ្រោះ បានជិះម៉ូតូដឹកត្រីយក មកលក់នៅក្នុងផ្សារតាខ្មៅថ្មី (ទីតាំងកើតហេតុ)។
ក្រោយលើកឡាំងដាក់ត្រីចុះរួចហើយ ក៏បានយកម៉ូតូទៅទុកនៅខាងក្រោយកន្លែងលក់ ដោយភ្លេចដកសោរចេញពីម៉ូតូ ដែលជាឱកាសអោយជនសង្ស័យ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ បំរ៉ុងជិះគេច ខ្លួន ទៅខាងក្រៅផ្សា តែចៃដន្យផ្លូវច្រកចេញពីផ្សាមានសភាពចង្អៀតហើយ ម៉ូតូទើសនិង រន្ទាដែក ចងសម្រាប់ដាក់ឡាំងដឹកត្រី គាប់ជួនក៏ត្រូវស្ត្រីរងគ្រោះក្រឡេកឃើញទាន់ ក៏បាន ស្រែកថាចោរៗ។
ភ្លាមនោះ ត្រូវបានប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់បានជនសង្ស័យរួមទាំងវត្ថុតាងយកមក ប្រគល់ឲ្យ សមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ធ្វើការសួរនាំនិងកសាងសំណុំរឿងចាត់ការ តាម នីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ូតូរបស់ស្ត្រីរងគ្រោះពឹតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំនែកម៉ូតូ សមត្ថកិច្ចក៏បានប្រគល់ជូនទៅស្ត្រីរងគ្រោះវិញហើយ៕
