ភ្នំពេញ៖
សាច់ជ្រូកមិនដឹងប្រភពនាំចូល ជិត១តោន ត្រូវបានជនមិនស្គាល់មុខច្រកបេ យកទៅបោះចោលនៅគំនរសំរាមស្ទឹងមានជ័យចាស់ ឃើញដូចនេះប្រជាពលរដ្ឋមួយចំនួនប៉ងរើសយកទៅបរិភោគ ។ ប៉ុន្តែភ្លាមៗនោះត្រូវអាជ្ញាធរហាមឃាត់មិនឲ្យយកឡើយខ្លាចប៉ះពាល់ដល់សុខភាព និងអាយុជីវិត ព្រោះពុំដឹងថាសាច់ជ្រូកនេះខូចគុណភាព ឬមានជាតិគីមីអ្វីនៅក្នុងនោះឡើយ ។
ហេតុការណ៍នេះបានកើតឡើងបង្កឲ្យ មានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោងជាង១២ថ្ងៃ ត្រង់ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៥ នៅ ចំណុចទីលាន ចាក់ សំរាម ស្ទឹង មាន ជ័យ ចាស់ ស្ថិតនៅក្នុងសង្កាត់ ស្ទឹងមានជ័យ ទី ២ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នេះ មិនមែនជាសាច់ជ្រូកធំនោះទេ គឺជាកូនជ្រូកហាក់ដូចជាជ្រូកកណ្ដុរដោយជនមិនស្គាល់មុខកាត់ជាកង់ៗច្រកចូលបេ ជាច្រើនបេទម្ងន់ប្រមាណជិត១តោន និងពុំដឹងថាជាសាច់ជ្រូកនាំចូលពីបរទេស ឬក៏ជាជ្រូកចិញ្ចឹមនៅក្នុងស្រុកខ្មែរយើងនោះទេ ។ ជាងនេះទៀត ពុំដឹងថាគេយកទៅបោះចោលនៅទីនោះតាំងពីពេលណានោះទេ ហើយនៅវេលាម៉ោងខាងលើមានអ្នករើសអេតចាយប្រទះឃើញ ក៏បានប្រាប់គេឯងបង្កឲ្យមានការភ្ញាក់ផ្អើល។ ខណៈនោះប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចនគរបាលសង្កាត់ ស្ទឹងមានជ័យ ទី ២ ឲ្យចុះទៅពិនិត្យមើល ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកអាជ្ញាធរនិងសមត្ថកិច្ចខាងលើ បានចុះទៅមើល ហើយក៏មានប្រជាពលរដ្ឋមួយចំនួនប៉ងរើសយកសាច់ជ្រូកនេះទៅបរិភោគផងដែរ ប៉ុន្តែត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យយកដាច់ខាត ព្រោះខ្លាចប៉ះពាល់ដល់សុខភាព និងអាយុជីវិត ដោយពុំដឹងថាសាច់ជ្រូកនេះខូចគុណភាព ឬមានជាតិគីមីអ្វីនៅក្នុងនោះឡើយ មិនអាចចេះតែប្រថុយបរិភោគនោះទេ បើសាច់ជ្រូកល្អប្រហែលគេមិនយកទៅបោះចូលឡើយ ។
អាជ្ញាធរនិងសមត្ថកិច្ច និងបំផ្លាញសាច់ជ្រូកនេះចោល ហើយនិងធ្វើការស្រាវជ្រាវរកប្រភពនិងអ្នកដែលយកសាច់ជ្រូកនេះទៅបោះចោលដើម្បីសួរនាំឲ្យដឹងរឿង ៕
