លោក វ៉ា វណ្ណៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាតំណាងឲ្យឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក ជី ថ្ម អនុប្រធានសហព័ន្ធកីឡាប៊ូលីងកម្ពុជាតំណាងឲ្យលោក លីសៀងហុង ប្រធានសហព័ន្ធកីឡាប៊ូលីងកម្ពុជាបានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាប៊ូលីងកម្រិតមូលដ្ឋានស្ថិតនៅមជ្ឈមណ្ឌលប៊ូលីង ប្រ៉ូប៊ូល ស្ព័រ ក្នុងខាលែនឌែលម៉ល។
លោក ឆាយ កៀក អគ្គលេខាធិការ សហពន្ធ័កីឡាប៊ូលីង កម្ពុជា បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាប៊ូលីងកម្រិតមូលដ្ឋានឆ្នាំ២០២៥នេះ ដែលបានចាប់ផ្តើមពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាពបច្ចេកទេសរបស់គ្រូបង្វឹកក្នុងវិស័យកីឡាប៊ូលីង ។ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាប៊ូលីងកម្រិតមូលដ្ឋាន ឆ្នាំ២០២៥នេះ មានរយៈពេល ៦ ថ្ងៃ ដោយមានការចូលរួម ៣១ នាក់ គ្រូបង្វឹក និងគ្រូជំនួយសហព័ន្ធ ក្លិបក្រុមជម្រើសជាតិ ក្លិបប៉ូប៊ូល ហ្គ័រ ក្លិបអេអន១ សុធារស់ ក្លិបអេអន២ សែនសុខ និងក្លិបអេអន៣ មានជ័យ។
លោកអគ្គលេខាធិការ សហពន្ធ័កីឡាប៊ូលីងកម្ពុជា បានបន្តថា គ្រូឧទ្ទេស មកពីប្រទេសសិង្ហបុរី ដែលមានបទពិសោធន៍ជាង៤០ ឆ្នាំ ចំពោះវគ្គបណ្តុះបណ្តាលនេះដែរ សហពន្ធ័កីឡាប៊ូលីងកម្ពុជា សូមថ្លែងអំណរគុណដល់គ្រូឧទ្ទេស មកពីប្រទេសសិង្ហបុរី និងសម្តែងនូវការកោត សរសើរដល់សិក្ខាកាមគ្រប់រូប ដោយស្មោះអស់ពីដួងចិត្ត បានចំណាយពេលវេលា ខិតខំរៀនសូត្រទាំងទ្រឹស្ដី និង ការអនុវត្តជាក់ស្ដែងនៅលើទីលាន ដើម្បីទទួលនូវចំណេះដឹង និងបទពិសោធន៍សម្រាប់យកទៅធ្វើការបណ្តុះបណ្តាល និងហ្វឹកហាត់ដល់កីឡាករ-កីឡាការិនី នៅតាមក្លិបមជ្ឈមណ្ឌលប៊ូលីងរបស់ខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ចំពោះសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្វឹករយៈពេល ៦ ថ្ងៃជាលទ្ធផលរួមមាននិទ្ទេសល្អមានចំនួន ៥០ ភាគរយ និទ្ទេសល្អបង្គួរចំនួន ៣០ ភាគរយ និងនិទ្ទេសល្អមធ្យមចំនួន ២០ ភាគរយ។
