ភ្នំពេញ៖
ក្រោយពេលធ្លាក់ពីលើម៉ូតូទឹក បណ្ដាលឲ្យលិចបាត់ទៅក្នុងទឹកទន្លេរយៈពេល៧២ម៉ោង សាកសពបុរសអ្នកជិះម៉ូតូទឹក ត្រូវបានសមត្ថកិច្ចរកឃើញហើយ! កាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខណៈសពអណ្ដែតទឹកនៅជិតស្ពានព្រះមុនីវង្សថ្មី សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់មក ត្រូវបានស្រង់ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តជ្រោយអំពិល ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
សូមរម្លឹកថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងទន្លេជិតស្ពានកោះនរា ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បុរសរងគ្រោះខាងលើឈ្មោះ ផល សុផេង អាយុ៤៥ឆ្នាំ ជាសមាជិកក្រុមហាយសូម៉ូតូទឹកប្រចាំដងទន្លេបាសាក់ ស្នាក់នៅក្នុងបុរី ប៉េង ហួត បឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូទឹកម៉ាក Kawasaki SX-R នៅក្នុងទន្លេជិតស្ពានកោះនរា។ ខណៈកំពុងជិះសុខៗ ពុំដឹងថាមានឧបសគ្គអ្វីនោះទេ ក៏ស្រាប់តែធ្លាក់ពីលើម៉ូតូទឹកនោះ។
ភ្លាមៗនោះ គេបានឃើញបុរសរងគ្រោះបានព្យាយាមហែលទឹកតាមបណ្ដោយខ្សែទឹកហូរ ចំណែកម៉ូតូទឹក បានអណ្ដែតតាមក្រោយ ហើយ ឃើញគាត់ម្ដងលិចទៅក្នុងទឹក និងម្ដងទៀតអណ្ដែតផ្លឹបផ្លឺមៗ លុះប៉ុន្មាននាទីប៉ុណ្ណោះ ក៏លិចបាត់ទៅក្នុងទឹករហូតតែម្ដង ។
ប្រភពខាងលើ បានប្រាប់បន្ថែមទៀតថា ខណៈនោះអ្នកដែលនៅលើច្រាំងទន្លេមិនមានមធ្យោបាយអាចចូលទៅជួយបុរសនោះបានឡើយ។ ម្នាក់ៗបានត្រឹមតែឈរមើលពីចម្ងាយប៉ុណ្ណោះ ព្រោះបុរសរងគ្រោះស្ថិតនៅឯកណ្ដាលទន្លេឯណោះ ។ ក្រោយមក គេបានជូនដំណឹងដល់ក្រុមគ្រួសារគាត់បានដឹងនិងទៅមើល ព្រមទាំងរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍តាមរក៕
