បើទោះបីជាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលត្រូវនឹងថ្ងៃទី៤-៦ វិច្ឆិកា ឆ្នាំ២០២៥ នៅឆ្នាំនេះត្រូវបានផ្អាកការ តែរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ឳកាសអោយរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្ត ភូមិស្រុកនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន។

តួរយ៉ាងឳកាសនៃថ្ងៃបុណ្យភ្ជុំបិណ្ឌ ត្រូវនិងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ នៅមាត់ទន្លេក្នុងឃុំប្ញស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល គ្រោងនិងរៀបចំពិធីប្រណាំងទូក«ង» ទូកខ្នាតអន្តរជាតិ និងទូកចែវ ដើម្បីអបអរឳកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ព្រមទាំងដកស្រងបទពិសោធន៍បច្ចេកទេសគ្នាទៅវិញទៅមក អំពីវិស័យកីឡាលើផ្ទៃទឹក ដែលជាទំនៀមទំលាប់តាមប្រពៃណីដូនតាតាំងពីបុរាណកាលមក ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលជអ្នករស់នៅតាមដងទន្លេ ព្រែកជាដើម។

បើតាមគម្រោងនឹងមានទូក«ង» ទូកខ្នាតអន្តរជាតិ និងទូកចែវ ប្រមាណជាង៥០ របស់ខេត្តកណ្ដាលនិងខេត្តជាប់ៗគ្នាព្រមទាំងរាជធានីភ្នំពេញមួយចំនួន ចូលរួមប្រកួតប្រជែងផងដែរ។សម្រាប់អ្នកសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល បានស្រុះស្រួលមូលមតិគ្នា រៀបចំនិងធ្វើការទំលាក់ទូកចែវ មានឈ្មោះ រតនៈមុនីសាមគ្គី មានជ័យ ចូលទឹកទន្លេ ដើម្បីធ្វើការហ្វឹកហាត់សមជើងចែវ ត្រៀមចូលរួមប្រកួតនៅពិធីប្រណាំងទូក«ង» ទូកខ្នាតអន្តរជាតិ និងទូកចែវ នៅឃុំប្ញស្សីជ្រោយ នាថ្ងៃទី២០ កញ្ញា ២០២៥ ត្រូវនិងថ្ងៃបិណ្ឌទី១៤ផងដែរ។

បើនិយាយពីឈ្មោះទូកចែវ រតនៈមុនីសាមគ្គី មានជ័យ ជាទូកស្ថិតនៅវត្តជ្រៃមាសសាគរ គឺជាទូកចែវដែលមានឈ្មោះល្បីល្បាញ កើតចេញពីញើសឈាម និងការរួមកំលាំងសាមគ្គីគ្នា របស់អ្នកភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល បូកផ្សំនិងសប្បរសជនមួយចំនួនផងនោះ ធ្លាប់ចូលរួមប្រកួតប្រជែងយកជ័យលាភីជាច្រើនទាំងថ្នាក់ស្រុក ខេត្តកណ្ដាល ជាពិសេសជាម្ចាស់ជើងឯកលេខ១ថ្នាក់ជាតិកាលពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ កន្លងទៅ នៅរាជធានីភ្នំពេញ  ។