ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានទទួលជួប និងពិភាក្សាការងារជាមួយឯកឧត្តម អេណាតូលី បូរ៉ូវីគ (Annatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ជំនួបសវនាការដ៏សំខាន់នេះផ្ដោតលើការកិច្ចសហប្រតិបត្តិការលើចលនាអូឡាំពិក និង ប៉ារ៉ាឡាំពិក ក៏ដូចជាទំនាក់ទំនង ការគាំទ្រគ្នាទៅវិញទៅមកនៅលើការងារការទូតកីឡា។
ឯកឧត្តមអគ្គលេខាធិការបន្តថា រុស្ស៊ីក៏ត្រៀមគាំទ្រការផ្ដល់អាហារូបករណ៍ដល់និស្សិតកីឡាកម្ពុជា និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកីឡាឱ្យបានប្រសើរ និងបណ្ដុះធនធានមនុស្សក្នុងវិស័យកីឡានៅកម្ពុជា។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការចលនាអូឡាំពិករវាងប្រទេសទាំង២ក៏ត្រូវតែពង្រឹង ដោយសារតែរុស្ស៊ីកំពុងត្រូវការការគាំទ្ររបស់ប្រទេសជាសមាជិកចលនាអូឡាំពិកការទូតកីឡាលើឆាកអន្តរជាតិ ទាំងចលនាអូឡាំពិក និងប៉ារ៉ាឡាំពិក ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមករវាងអូឡាំពិក និងប៉ារ៉ាឡាំពិកនៃប្រទេសទាំង២។
ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ដែរថា ដោយសារតែរុស្ស៊ីជាប្រទេសមានគុណវឌ្ឍិដ៏ខ្ពស់ក្នុងវិស័យកីឡា ដូច្នេះកម្ពុជាអាចរៀនសូត្របានច្រើនទាំងការហ្វឹកហាត់ផ្ទាល់ និងវិទ្យាសាស្ត្រកីឡា ចិត្តសាស្ត្រកីឡា ក៏ដូចជាការគ្រប់គ្រង។ ជាក់ស្ដែង ថ្នាក់ដឹកនាំកីឡាជាច្រើននៅកម្ពុជាធ្លាប់ជាអតីតនិស្សិតទៅសិក្សានៅប្រទេសរុស្ស៊ីនាពេលកន្លងមកដែរ៕
