កណ្តាល៖
សមត្ថកិច្ចក្រុងតាខ្មៅ បានស្រាវជ្រាវ រហូតឃាត់ខ្លួនក្រុមជនសង្ស័យ បាន០២នាក់ និងរកឃើញម៉ូតូបានមកវិញ ដោយហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោង០៧ និង៣០នាទី(ម៉ោងដឹង) ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលក្នុងភូមិ ព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវបានសមត្ថកិច្ច ស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាន និងប្រគល់ម៉ូតូជូនជនរងគ្រោះវិញ នៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៥ ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគររបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា÷ជនរងគ្រោះមានឈ្មោះ ប៊ន គីមឆាយ ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបរសិស្ស សម្ភារ:បាត់បង់ ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AJ- 0844 ។ ចំនែកបក្ខពួកជនសង្ស័យមានចំនួន០៣នាក់៖
១-ឈ្មោះ ថន ដាវីត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករសំណង់ ត្រូវឃាត់ខ្លួន។
២-ឈ្មោះកឹម សីហា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រើសអេតចាយ ត្រូវឃាត់ខ្លួន ហើយ ជនសង្ស័យទាំង២នាក់ វិជ្ជមានសារធាតុញៀន + ) រីឯ ទី៣ -ឈ្មោះ ជេ ភេទប្រុស រត់គេចខ្លួន ។
ចំពោះវត្ថុតាងដកហូត មាន៖ម៉ូតូ០១គ្រឿង ម៉ាកHonda Dream C125 ពណ៌ខ្មៅ គ្មានស្លាកលេខ ជារបស់ជនរងគ្រោះ។ - ដង្កាប់ដងជ័រចំនួន០២និងញញួរដងជ័រ០១, រានកណ្តាលម៉ូតូ០១ និង កាងការពារ ម៉ាស៊ីន០១ ,អាវុធខ្លី(ជ័រ)ពណ៌ខ្មៅ០១ , ទូរស័ព្ទ០១គ្រឿង, ទួរណឺវីសចំនួន០២, និងសម្ភារ :សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
លោកអធិការ បានបញ្ជាក់បន្ថែមថា កាលពីថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០២៥ ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងធ្វើការម្តុំស្តុបតាលន់ មកបន្ទប់ជួល ដោយបានចាក់សោរ ក បានយ៉ាង ត្រឹមត្រូវ ហើយចូលទៅសម្រាកខាងក្នុង ។ លុះនៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៥ ពេលភ្ញាក់ពីដំណេកមកមើលម៉ូតូ ស្រាប់តែមិនឃើញ មិនដឹងអ្នកណា លួចយកទៅបាត់ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ។
ក្រោយបានពាក្យបណ្តឹងភ្លាម លោកអធិការ បានបញ្ឋាលោកវរៈសេនីយ៍ទោ ហេង សុផាណ្ណារិទ្ធ អធិការរង ទទួលការងារយុតិ្តធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍កំពង់សំណាញ់ ប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ថន ដាវីដនៅក្នុងបន្ទប់ជួលលេខ 10 ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជាមួយម៉ូតូ០១គ្រឿង ជា របស់ជនរងគ្រោះ ដោយជនសង្ស័យបានឆ្លើយសារភាពថា÷ គឺមាន ឈ្មោះ ជេ និងឈ្មោះ កឹម សីហា បានយកម៉ូតូ០១គ្រឿងនេះ មកផ្ញើរក្នុងបន្ទប់ជួលរបស់ខ្លួន ។
ក្រោយស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទី១រួច សមត្ថកិច្ច ក៏តាមស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ កឹម សីហា នៅ ក្នុងទីស្នាក់ការចាស់មួយកន្លែង ក្នុងភូមិបឹងជុំនៀក សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។ បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕
