ខ្សែភាពយន្តភាគកូរ៉េរឿង “ប៉ុង អ៊ែបភេធីត យ៉ ម៉ឹជេសធី” (Bon Appetit, Your Majesty) កំពុងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអ្នកទស្សនានៅទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ រឿងខាងលើ បានគ្រងតំណែងលេខ ២ ជាខ្សែភាពយន្ត មិនមែនជាភាសាអង់គ្លេស ដែលមានអ្នកទស្សនាខ្ពស់បំផុតនៅលើ Netflix បន្ទាប់ពីបានចាក់បញ្ចាំងត្រឹមតែរយៈពេលពីរសប្តាហ៍ប៉ុណ្ណោះ។ ក្នុងនោះ យោងតាមស្ថិតិការទស្សនាមានការហក់ឡើងខ្ពស់រហូតដល់ទៅ ៨.១ លានដង និងថែមទាំងបានជាប់នៅក្នុងកំពូលទាំង ១០ នៅ ៧៣ ប្រទេសទូទាំងពិភពលោកផងដែរ។
រឿងកំពុងពេញនិយមមួយនេះ សម្តែងដោយ “អ៊ីម យ៉ូនអា” (Im Yoon-ah) ដើរតួជាចុងភៅនៅសម័យបច្ចុប្បន្ន ដែលបានឆ្លងភពទៅសម័យកាលចូសន់ និង “លី ឆេមីន” (Lee Chae-Min) ដើរតួជា ព្រះមហាក្សត្រផ្តាច់ការ ប៉ុន្តែមានចំណូលចិត្តក្នុងការភ្លក្សម្ហូប។
គួរឱ្យដឹងថា រឿង “ប៉ុង អ៊ែបភេធីត យ៉ ម៉ឹជេសធី” (Bon Appetit, Your Majesty) ជាខ្សែភាពយន្តបែបមនោសញ្ចេតនា កំប្លុកកំប្លែង លាយលំនឹងក្បួន វិធីសាស្ត្រក្នុងការចម្អិនម្ហូប បានធ្វើឱ្យរឿងមួយនេះមានគ្រប់រសជាតិ និងកាន់តែជក់ចិត្តក្នុងការទស្សនា ដែលមានការចាក់ផ្សាយនៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ នៅលើ Netflix៕
