ថ្មីៗនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Cambodia International Model បានប្រកាសនូវដំណឹងរំភើបសម្រាប់អ្នកគាំទ្ររបស់ខ្លួន ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាផ្ទាល់តែម្តង ពីការចាត់តាំងបវរកញ្ញាដ៏ស្រស់ស្អាតមួយរូប គឺ កញ្ញា សូរ ពេជ្រវលក្ខណ៍ ជា Miss International Cambodia 2025។ ជាមួយការប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលនេះ មានអ្នកគាំទ្រជាច្រើនបានសម្តែងអារម្មណ៍សប្បាយរីករាយ ព្រោះនេះក៏ជាក្តីស្រមៃរបស់ពួកគេផងដែរ ក្នុងការចង់ឱ្យបវរកញ្ញារូបនេះ ទៅតំណាងប្រទេសក្នុងតំណែងណាមួយ ក្រោមការគ្រប់គ្រងរបស់ CIM ផ្ទាល់។ 

ដោយឡែក ការចាត់តាំង កញ្ញា សូរ ពេជ្រ វលក្ខណ៍ ក្នុងតំណែងខាងលើ គឺពិតជាស័ក្តិសមឥតខ្ចោះ ក៏ព្រោះតែទម្រង់មុខស្រទន់សមជាស្ត្រីខ្មែរ គួបផ្សំនឹងបទពិសោធប្រកួតនៅក្នុងកម្មវិធីសម្រស់ជាច្រើន ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក។ ពេជ្រវលក្ខណ៍ បន្ទាប់ពីទទួលបានតំណែងដ៏សំខាន់ជាបវរកញ្ញាតំណាងប្រទេសរួចមក កញ្ញាក៏នឹងបន្តបេសកកម្មរបស់ខ្លួនទៅលើឆាកអន្តរជាតិបន្តទៀត នៅក្នុងកម្មវិធី Miss International 2025 នៅប្រទេសជប៉ុនឆាប់ៗខាងមុខនេះ។

គួរឱ្យដឹងថា កញ្ញា សូរ ពេជ្រវលក្ខណ៍ គឺជាអតីត Miss Aura Cambodia 2023 និងបានទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Aura International  2023 នៅប្រទេសទួរគី។ ក្រោយមកទៀត នៅឆ្នាំ ២០២៤ កញ្ញា បានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Mera Cambodia ដោយទទួលបានតំណែងជាលំដាប់រងទី ២។ នៅក្នុងឆ្នាំ ២០២៥ កញ្ញា បានចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី Miss World Cambodia និងជាកំពូលបេក្ខនារី ៥ រូបចុងក្រោយរបស់កម្មវិធីមួយនេះផងដែរ៕