ឆ្លងកាត់៦ប្រកួត ក្នុងលីគនារី ក្រុមបាល់ទាត់នារីភ្នំពេញក្រោន រកបានគ្រាប់បាល់ចំណេញរហូត ដល់ទៅ៤៧គ្រាប់។ 

ជាមួយជ័យជម្នះនេះ អ្នកចាំទីភ្នំពេញក្រោន កីឡាការិនី ជា ហ្វារីយ៉ា បានរក្សាសំណាញ់ទីខ្លួនយ៉ាងល្អ មិនឲ្យមានក្រុមណាស៊ុតបញ្ចូលទីបានឡើយ។ នៅថ្ងៃទី២៨ កញ្ញា ដែលជាថ្ងៃប្រកួត ក្រុមនារីភ្នំពេញក្រោននេះ បានយកឈ្នះ លើក្រុមនារីណាហ្គាវើលដ៍ ក្នុងលទ្ធផល៤ទល់និង០ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។

ក្នុងការប្រកួតសប្ដាហ៍ទី៦ ដដែលនេះ ក្រុមនារីព្រះខ័នរាជស្វាយរៀង បានយកឈ្នះ សមាគមបាល់ទាត់ខេត្តកណ្ដាល លទ្ធផល១២ទល់និង០ នៅទីលានបាល់ទាត់នៃវិទ្យាល័យខេត្តស្វាយរៀង។ ឆ្លងកាត់៦ប្រកួត ក្រុមបាល់ទាត់នារី សមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល បរាជ័យទាំងអស់ ព្រមទាំងមិនធ្លាប់ទាត់បញ្ជូលទីក្រុមណាមួយឡើយ។ បន្ថែមជាងនេះទៅទៀត ក្រុមបាល់ទាត់នារីខេត្តកណ្ដាលនេះ មានគ្រាប់បាល់ ដែលធ្លាយសំណាញ់ទីរហូតដល់ទី៧២គ្រាប់ ចំពោះ៦ប្រកួតនេះ។

ក្នុងពេលទន្ទឹមគ្នានោះ ក្រុមបាល់ទាត់នារីវិសាខា បានយកឈ្នះលើ ក្រុមបាល់ទាត់នារីខេត្តសៀមរាប លទ្ធផល៥ទល់និង១ នៅមជ្ឈមណ្ឌលហ្វឹកហាត់វិសាខា។ រីឯការប្រកួតនាថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៥ ក្រុមនារីមីស្ទើរលេង បានឈ្នះក្រុមនារីបឹងកេត លទ្ធផល១ ទល់និង០ នៅទីលានបាល់ទាត់មីស្ទើរលេង ខេត្តកណ្ដាល។

គិតត្រឹមសប្ដាហ៍ទី៦ ក្រុមនារីភ្នំពេញក្រោន បន្ដឈរនៅចំណាត់ថ្នាក់លេខ១ ដោយមាន១៥ពិន្ទុ តាមពីក្រោយដោយក្រុមបាល់ទាត់នារី វិសាខា ឈរចំណាត់ថ្នាក់លេខ២ មាន១៣ពិន្ទុ។ រីឯចំណាត់ថ្នាក់លេខ៣ ក្រុមបាល់ទាត់នារី ណាហ្គាវើលដ៍ មាន១២ពិន្ទុ ខណៈ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ចំណាត់ថ្នាក់លេខ៤ មាន១០ពិន្ទុ។ ចំណែកលេខ៥ ក្រុមបាល់ទាត់បឹងកេត មាន៦ពិន្ទុ ស្មើគ្នាជាមួយ មីស្ទើរលេង ដែលនៅលេខ៦។ ក្រុមបាល់ទាត់ខេត្តសៀមរាប ស្ថិតនៅលេខ៧ មាន៤ពិន្ទុ ខណៈ នារីសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល មានសូន្យពិន្ទុ នៅចំណាត់ថ្នាក់បាតតារាងបណ្ដោះអាសន្ន៕