ក្រោយបាត់មុខពីវិស័យសិល្បៈជាង ៣ ឆ្នាំ កន្លងមកនេះ តឹង លួន (Deng Lun) តារាសម្តែងចិនដ៏ល្បីឈ្មោះ បានបន្តរស់នៅយ៉ាងសាមញ្ញ និងមានក្តីសុខ ដោយគេនៅមិនទាន់បង្ហើបពីការវិលចូលមកកាន់វិស័យសិល្បៈវិញនោះទេ។ មហាជនអ្នកគាំទ្ររបស់តារាប្រុសរូបនេះ គិតថា ការដែល តឹង លួន (Deng Lun) មិនខ្វាយខ្វល់ដូចនេះ អាចបណ្តាលមកពីការប្រែប្រួលយ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មកម្សាន្តចិន ឬអាចដោយសារតែមុខជំនួញហាងស៊ុបឆ្នាំងភ្លើងរបស់គេទាំង ៥ សាខាកំពុងកាក់កបជាដើម។

យ៉ាងណាមិញ កាលពីអំឡុង ២ - ៣ ឆ្នាំកន្លងទៅ តឹង លួន (Deng Lun) ក៏បានបង្ហាញខ្លួននៅតាមទីកន្លែងខ្លះៗនៅក្នុងទីក្រុងប៉េកាំងផងដែរ ដោយអ្នកគាំទ្របានឃើញផ្ទាល់ពីការប្រើប្រាស់ជីវិតជាលក្ខណៈឯកជន និងភាគច្រើនៅតែម្នាក់ឯងប៉ុណ្ណោះ។

ដោយឡែកកាលពីពេលថ្មីៗនេះ មានអ្នកគាំទ្រម្នាក់បានប្រទះឃើញ តឹង លួន (Deng Lun) យ៉ាងចៃដន្យ នៅក្នុងទីក្រុងប៉េកាំង ក្នុងរូបរាងពាក់មួក និងអាវយឺតព័ត៌ខ្មៅ ដើរតែម្នាក់ឯងយ៉ាងសាមញ្ញបំផុត ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញថា គេរស់នៅយ៉ាងមានសេរីភាព មិនចាប់អារម្មណ៍ការធ្វើខ្លួនស្រស់ស្អាតដូចកាលនៅក្នុងរង្វង់សិល្បៈ និងមិនចាប់អារម្មណ៍ក្រសែភ្នែករបស់មហាជនទៀតនោះទេ។ 

បើទោះបីជាប្រើជីវិតដូចមនុស្សធម្មតាក៏ពិតមែន ប៉ុន្តែ តឹង លួន (Deng Lun) នៅតែមានមន្តស្នេហ៍ដ៏លេចធ្លោរខុសប្លែកពីតារាផ្សេងទៀត ជាមួយនឹងរូបរាងដ៏ស្រស់សង្ហា ពណ៌សម្បុរសស្អាតមិនសាបសូន្យនោះឡើយ៕