តារាសម្តែងជប៉ុន “ហ៊ីរ៉ូយ៉ា ហ្ស៊ីមីស៊ូ” (Hiroya Shimizu) អាយុ ២៦ ឆ្នាំ ត្រូវបានប៉ូលីសនគរបាលទីក្រុងតូក្យូចាប់ខ្លួនដោយសង្ស័យថាបានបំពានច្បាប់គ្រប់គ្រងគ្រឿងញៀន បន្ទាប់ពីបានរកឃើញថា តារាប្រុសរូបនេះបានរក្សាទុកកញ្ឆាស្ងួតនៅក្នុងផ្ទះផ្ទាល់ខ្លួន នៅតំបន់ “ហ្សឹគីណាមី” (Tsukinami) ទីក្រុងតូក្យូ។ ប៉ូលីសបានទទួលព័ត៌មានដែលបង្ហាញថា “ហ្ស៊ីមីស៊ូ” (Shimizu) ប្រហែលជាកំពុងប្រើប្រាស់កញ្ឆា ហើយបានចាប់ផ្តើមបើកការស៊ើបអង្កេតជាបន្តបន្ទាប់។ ដោយឡែក នៅវេលាម៉ោងប្រមាណជា ៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែកញ្ញា កងកម្លាំងសមត្ថកិច្ចបានចូលឆែកឆេរផ្ទះ “ហ្ស៊ីមីស៊ូ” (Shimizu) និង បានរកឃើញកំទេចរុក្ខជាតិម្យ៉ាង ដែលប៉ូលីសសន្និដ្ឋានថាជាកញ្ឆាស្ងួតច្រកថង់ មានទម្ងន់ប្រមាណជា ០,៤ ក្រាម រួមទាំងក្រដាសសម្រាប់ជក់ និងគូទបារីជាង១០ដើមទៀតផងដែរ។ ក្រោយការស៊ើបអង្កេត ប៉ូលីសបានធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងនេះ។ 

តារាសម្តែង “ហ្ស៊ីមីស៊ូ” (Shimizu) បានសារភាពថា នៅអាយុ ២៤ ឆ្នាំ លោកចាប់ផ្តើមប្រើប្រាស់កញ្ឆាជាប្រចាំ រហូតញៀនពិបាកក្នុងការផ្តាច់ ប៉ុន្តែទន្ទឹមនឹងការសារភាព លោកក៏មិនបានប្រាប់ពីទីកន្លែងទិញកញ្ឆានេះនោះឡើយ។

គួរឱ្យរំលឹកដែរថា “ហ៊ីរ៉ូយ៉ា ហ្ស៊ីមីស៊ូ” (Hiroya Shimizu) បានបង្ហាញខ្លួននៅក្នុងវិស័យសិល្បៈជាលើកដំបូងក្នុងឆ្នាំ ២០១២។ ក្នុងនោះលោកបានសម្តែងរឿងល្បីៗជាច្រើន និងត្រៀមបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តភាគពេលព្រឹកដែលមានចំណងជើងថា “បេកបេក” (BakeBake) របស់ប៉ុស្តិ៍ទូរទស្សន៍ NHK ដែលនឹងចាក់ផ្សាយនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ ឆាប់ៗខាងមុខនេះ៕