អ្នកគាំទ្ររបស់ NCT អាចនឹងបានឃើញប្រុសស្អាត “ជេមីន” (Jaemin) និង “ជេណូ” (Jeno) សម្តែងរឿងរួមគ្នានៅក្នុងខ្សែភាពយន្តថ្មី ក្រោយពេលមានការរាយការណ៍មកថាពួកគេទាំងពីរ ត្រូវបានដាក់ស្នើឱ្យសម្តែងជាតួអង្គធំនៅក្នុងរឿងមួយដែលមានចំណងជើងថា “វ៉ីនដ៍ អាប់” (Wind Up)។
យ៉ាងណាមិញ កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ បណ្តាញសារព័ត៌មានកូរ៉េមួយបានចុះផ្សាយថា “ជេមីន” (Jaemin) និង “ជេណូ” (Jeno) កំពុងពិចារណាសម្តែងនៅក្នុងរឿងប្រភេទកីឡា ដែលមានឈ្មោះថា “វ៉ីនដ៍ អាប់” (Wind Up) ដោយទីភ្នាក់ងាររបស់ផលិតកម្ម SM Entertainment បានចេញមកបញ្ជាក់ពីរឿងនេះយ៉ាងដូច្នេះថា៖ ““ជេមីន” (Jaemin) និង “ជេណូ” (Jeno) បានទទួលសំណើរឱ្យសម្តែងនៅក្នុងរឿង “វ៉ីនដ៍ អាប់” (Wind Up) ហើយពួកគេក៏កំពុងតែស្ថិតនៅក្នុងការពិចារណាផងដែរ”។
តាមការឱ្យដឹងបន្ថែម រឿងមួយនេះ គឺមានការដឹកនាំសម្តែងដោយ គីម ស៊ុងហូ ដែលជាផលិតករដ៏ល្បីល្បាញ ធ្លាប់បានដឹកនាំរឿងជាច្រើនដូចជា រឿង “មូវ ធូ ហឹវ៉ឹន” (Move to Heaven) របស់ Netflix និង រឿង “ប៊ែដ ផ្រូស៊ីឃ្យូថឹ” (Bad Prosecutor) របស់ KBS ជាដើម។
ដោយឡែក ប្រសិនបើទទួលការសម្តែង នោះ “ជេមីន” (Jaemin) នឹងត្រូវបង្ហាញខ្លួនសារជាថ្មីម្តងទៀតនៅលើកញ្ចក់ទូរទស្សន៍ក្រោយពេលខកខានការសម្តែងជាង ៦ ឆ្នាំ ដោយតារាប្រុសរូបនេះធ្លាប់បានបន្សល់ទុកស្នាដៃចុងក្រោយរបស់ខ្លួននៅឆ្នាំ ២០១៩ នៅក្នុងរឿង “ម៉េសឹដ ធូ ហេត យូ” (Method to Hate You)។ ចំណែកឯ “ជេណូ” (Jeno) ចាត់ទុកថាជាការចាប់ផ្តើមវិស័យភាពយន្តជាលើកដំបូងរបស់ខ្លួន។
គួរឱ្យដឹងថា រឿង “វ៉ីនដ៍ អាប់” (Wind Up) គឺជារឿងដែលនិយាយពីកីឡាករបេស្បល (Baseball) ឆ្នើមម្នាក់នៅថ្នាក់វិទ្យាល័យ ប៉ុន្តែជីវិតរបស់គេត្រូវបានផ្លាស់ប្តូរបន្ទាប់ពីបានជួបនឹងសិស្សប្តូរសាលាម្នាក់ ដែលពោរពេញដោយអាថ៌កំបាំង៕