កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន Galaxy Corporation បានចេញមកប្រកាសជាផ្លូវការថា «គីម ជុងគុក» (Kim Jong Kook) បានចុះកុងត្រាចូលរួមជាសិល្បកររបស់ក្រុមហ៊ុននេះហើយ។ នេះរាប់ទុកថាជាការបោះជំហានថ្មីមួយទៀតដ៏សំខាន់នៅលើវិថីសិល្បជាង ៣០ ឆ្នាំ របស់តារាសម្តែងប្រុសរូបនេះ។ ជាមួយគ្នានេះ លោក «ឆយ យ៉ុងហូ» (Choi Yong Ho) ដែលជា CEO របស់ក្រុមហ៊ុនខាងលើបាននិយាយថា៖ “ «គីម ជុងគុក» (Kim Jong Kook) គឺជាអ្នកផ្តល់ការកម្សាន្តគ្រប់ទម្រង់ដ៏ជោគជ័យមួយរូបក្នុងនាមជាសមាជិកក្រុម និងសិល្បករទោល។ លើសពីនេះ «គីម ជុងគុក» (Kim Jong Kook) ក៏មានលក្ខណៈពិសេសក្នុងការធ្វើជាពិធីករផងដែរ។ ពួកយើងមានកិត្តិយសណាស់ដែលបានរួមដំណើរជាមួយគ្នានៅក្នុងសម័យបច្ចេកវិទ្យា AI EnterTech”។
ស្របពេលជាមួយគ្នានេះ «គីម ជុងគុក» (Kim Jong Kook) ក៏បាននិងកំពុងត្រៀមខ្លួនបញ្ចេញនូវអាល់ប៊ុមថ្មីដើម្បីអបអរគម្រប់ខួប ៣០ ឆ្នាំ នៅក្នុងវិស័យសិល្បៈ ព្រមទាំងធ្វើការប្រគុំតន្ត្រីខ្នាតយក្ស និងប្រកាសដំណឹងដ៏រីករាយនៃពិធីរៀបការរបស់គេផងដែរ។
គួរឱ្យដឹងដែរថា «គីម ជុងគុក» (Kim Jong Kook) បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ១៩៩៥ ជាសមាជិករបស់ក្រុម «ធូបូ» (Turbo)។ ក្រោយមកទៀត តារាប្រុសរូបនេះ បានពង្រីកអាជីពរបស់គាត់ ដោយការបង្ហាញខ្លួននៅក្នុងកម្មវិធីកម្សាន្តផ្សេងៗរួមទាំង "Family Outing" ពីឆ្នាំ ២០០៨ ដល់ ២០១០ និង "Running Man" ចាប់តាំងពីឆ្នាំ ២០១០។ ក្រៅពីនេះ លោក ក៏បានបង្កើតមាតិកាកំប្លែងនៅលើ Chanel YouTube ផ្ទាល់ខ្លួនរបស់គាត់ នៅក្នុងឆ្នាំ ២០២១ ដោយផ្តោតលើខ្លឹមសារលំហាត់ដែលមានឈ្មោះថា "Gym Jong Kook"៕
