មហាជនអ្នកគាំទ្របានបង្ហាញការព្រួយបារម្ភ បន្ទាប់ពីតារាសម្តែងដ៏មានប្រជាប្រិយភាព លីដុង ហ្គុន (Lee Dong-gun) បាននិយាយនៅក្នុងកម្មវិធី "My Little Old Boy" របស់ប៉ុស្តិ៍ SBS ថាគាត់កំពុងប្រឈមមុខនឹងជំងឺដ៏កម្រមួយ ដែលមានតែមនុស្ស ១% ប៉ុណ្ណោះនៅក្នុងប្រទេសកូរ៉េខាងត្បូងបាននិងកំពុងកើត។
លីដុង ហ្គុន (Lee Dong-gun) រៀបរាប់ពីអាការជំងឺឱ្យមហាជនដឹងថា ជំងឺនេះបានបណ្តាលឱ្យភ្នែកម្ខាងរបស់គាត់ឡើងក្រហម និងមានអាការឈឺចាប់ខ្លាំងនៅត្រង់បរិវេណភ្នែក។ ស្ថានភាពនេះកើតឡើងយ៉ាងហោចណាស់ម្តងក្នុងមួយខែ ហើយជួនកាលធ្វើឱ្យពិបាកដកដង្ហើម និងឈឺចាប់ប្រៀបបីដូចជាត្រូវបានរបស់មុតស្រួចអ្វីម្យ៉ាងចាក់ចំគ្រាប់ភ្នែកអ៊ីចឹងដែរ។
យ៉ាងណាមិញ បន្ទាប់ពីឆ្លងកាត់ការព្យាបាលនៅមន្ទីរពេទ្យ តារាប្រុសរូបនេះត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាកំពុងកើតមានជំងឺដ៏កម្រមួយ ដែលជំងឺនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនកូរ៉េខាងត្បូងត្រឹមតែ ១% ប៉ុណ្ណោះ។ បើទោះបីជាគ្រូពេទ្យមិនបានបង្ហាញឈ្មោះនៃជំងឺនេះក្តី ក៏ លីដុង ហ្គុន (Lee Dong-gun) និងម្ដាយរបស់គាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអាការសុខភាព។ ដោយឡែកអ្នកគាំទ្រដែលបានដឹងរឿងនេះ ក៏បានសម្ដែងការព្រួយបារម្ភ និងផ្ញើកម្លាំងចិត្តគាំទ្រដល់ លីដុង ហ្គុន (Lee Dong-gun) យ៉ាងច្រើនលើសលប់ផងដែរ។
គួរឱ្យដឹងថា លីដុង ហ្គុន (Lee Dong-gun) បានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ១៩៩៨ ក្នុងនាមជាតារាចម្រៀង ប៉ុន្តែក្រោយមកទៀតគាត់បានវិវត្តខ្លួនទៅជាតារាសម្តែង និងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ បច្ចុប្បន្ន លីដុង ហ្គុន (Lee Dong-gun) រស់នៅលើកោះ Jeju និងបានបើកហាងកាហ្វេមួយបន្ទាប់ពីផ្អាកអាជីពនៅក្នុងវិស័យសិល្បៈ៕
