ភ្នំពេញ ៖
បុរសម្នាក់ បានបើករថយន្ដម៉ាកMG មួយគ្រឿងបោះពួយយ៉ាងលឿន ខណៈដល់ផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនិងរថយន្តម៉ាក MG មួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតទាំងសងខាង សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២:៣៥នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ កម្ពុជាក្រោម កែងផ្លូវ ២១៥ សង្កាត់ មិត្តភាព ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តម៉ាក MG ពណ៌ស មួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2BZ-3101 ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើតឆ្លងផ្លូវបំបែកជាបួន ។ ខណៈពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាក MG មួយគ្រឿង ដែលពាក់ផ្លាកលេខភ្នំពេញ 2CB-4368 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតធ្វើដំណើរ ចេញពីផ្លូវ២១៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនស្រាប់តែបើកមកដល់ត្រង់ ចំណុចផ្លូវ បំបែកជាបួន មិនប្រយ័ត្នក៏ជ្រុលទៅបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង សំណាង មិនមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយពេលកើតហេតុ ភាគី ទាំងសងខាង បានចរចារគ្នា ដោះស្រាយបញ្ចប់រឿងនៅ ហ្នឹងកន្លែង៕
