ក្រោយគ្រងតំណែងជាលំដាប់រងទី២ ពីកម្មវិធី Miss Supranational Cambodia 2025 បានមួយរយៈ ពេលនេះកញ្ញា ហុក សារិតុលា ត្រូវបានអ្នកគ្រប់គ្រងការប្រកួតថ្នាក់ជាតិ លោក AB Vanna តែងតាំងជា Miss Intercontinental Cambodia 2025 ត្រៀមខ្លួនតំណាងកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិឆាប់ៗខាងមុខនេះ។ ជាមួយនឹងតំណែងដ៏ថ្មីសន្លាងនេះ មហាជនអ្នកគាំទ្ររបស់ តុលា បានចូលទៅបញ្ចេញមតិនៅលើបណ្តាញសង្គម សម្តែងការអបអរដល់កញ្ញា ហុក សារិតុលា ជាហូរហែ ក៏ដោយសារតែបវរកញ្ញារូបនេះ ត្រូវបានអ្នកគាំទ្រស្រឡាញ់ចូលចិត្តជាខ្លាំង ទៅលើរូបសម្បត្តិដ៏ស្រស់ស្អាត សមត្ថភាព និងចំណេះដឹងជាដើម។ មិនខុសពីអ្នកគាំទ្រនោះឡើយ ស្រីស្អាត ហុក សារិតុលា ក៏បានបង្ហាញចំណាប់អារម្មណ៍នៅលើទំព័រហ្វេសប៊ុក រៀបរាប់ថា៖ “នាងខ្ញុំ ហុក សារិតុលា មានមោទនភាពក្នុងការប្រកាសខ្លួនជាបវរកញ្ញាអន្តរទ្វីបកម្ពុជា២០២៥ រីករាយ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការតំណាងកម្ពុជាទៅលើឆាកអន្តរជាតិ ជាមួយនឹងឆន្ទៈ ក្តីសង្ឃឹម និង ការតាំងចិត្ត នាងខ្ញុំនឹងយកក្ដីសង្ឃឹមអ្នកទាំងអស់គ្នាទៅជាមួយខ្ញុំ ហើយនាងខ្ញុំនឹងប្ដេជ្ញាចិត្តថានឹងធ្វើវាឲ្យបាន នាងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់ National Director, បងៗ Teamwork, ក្រុមការងារទាំងអស់ ក្នុងការជឿជាក់ប្រគល់តំណែងមួយនេះឱ្យរូបនាងខ្ញុំ, នាងខ្ញុំនឹងសន្យាថាប្រើប្រាស់តួនាទីនិងតំណែងមួយនេះឱ្យបានយ៉ាងល្អបំផុត”។

គួរឱ្យដឹងដែរ កាលពីអំឡុងឆ្នាំ ២០២១ កញ្ញា ហុក សារិតុលា ធ្លាប់បានឈ្នះមកុដជាម្ចាស់ជ័យលាភីលេខ១ ពីកម្មវិធី Miss Wisdom Cambodia បន្ទាប់មកទៀត នៅក្នុងឆ្នាំ ២០២៥ នេះ បវរកញ្ញារូបនេះបានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Supranational Cambodia ដោយបញ្ចប់ត្រឹមតំណែងជាលំដាប់រងទី២។ ទោះជាយ៉ាងនេះក្តី មហាជនអ្នកគាំទ្រ កុំភ្លេចចូលរួមបន្តដំណើរជាមួយកញ្ញា ហុក សារិតុលា ក្នុងការតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិឆាប់ៗខាងមុខនេះ ជាមួយនឹងកម្មវិធី Miss Intercontinental 2025៕