កាលពីពេលថ្មីៗកន្លងទៅនេះ បវរកញ្ញាដ៏មានប្រជាប្រិយភាព កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលសារជាថ្មី បន្ទាប់ពីបានធ្វើការ Live ជជែកលេងកម្សាន្តជាមួយអ្នកគាំទ្ររបស់ខ្លួន ដោយបានប្រកាសជាសាធារណៈថា មិនមានបំណងចង់ទៅចូលរួមប្រកួតនៅលើឆាកប្រកួតសម្រស់ Miss Universe លើកទី ៧៤ ដែលប្រទេសថៃជាម្ចាស់ផ្ទះនោះទេ។ នេះបើយោងតាមការចែករំលែកនៅលើបណ្តាញសង្គម កាលពីរសៀលថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥។
តាមការបង្ហោះនេះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានអះអាងថា ការមិនទៅប្រកួតនៅក្នុងកម្មវិធី Miss Universe លើកទី ៧៤ ដែលប្រទេសថៃជាអ្នករៀបចំ មិនមែនដោយសារតែមានការខ្លាចរអាប្រទេសថៃនោះទេ ប៉ុន្តែមិនចង់ឱ្យគេមើលងាយជាតិសាសន៍ ស្របពេលដែលប្រទេស កម្ពុជា និង ថៃ បានប៉ះទង្គិចប្រដាប់អាវុធគ្នាមួយរយៈពេលខ្លី កាលពីអំឡុងខែ ឧសភាកន្លងទៅ។ យ៉ាងណាមិញ ក្រោយបទឈប់បាញ់ចូលជាធរមាន ទាហានថៃបានប្រើល្បិចចាប់ទាហានខ្មែរ ២០ នាក់ រហូតមកដល់ពេលនេះដោះលែងបានតែពីរនាក់ប៉ុណ្ណោះ និងមានទាហានជាច្រើនទៀតបានលះបង់ជីវិតនៅសមរភូមិសង្គ្រាម ដូចនេះហើយទើប កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនអាចឈរនៅលើឆាកប្រកួតមួយនោះបានឡើយ ព្រោះវាដូចជាការឡកឡឺយដល់វីរៈកងទ័ពខ្មែរអ៊ីចឹងដែរ។ បវរកញ្ញារូបនេះបន្តទៀតថា ការប្រកួត Miss Universe លើកទី ៧៤ ដែលធ្វើឡើងនៅប្រទេសថៃនេះ ប្រាកដណាស់ថា នឹងឱ្យបវរកញ្ញាមកពីជុំវិញពិភពលោក ធ្វើការផ្សព្វផ្សាយពីប្រទេសថៃ ដែលមានដូចជា សំលៀកបំពាក់ និងតំបន់ទេសចរណ៍ជាដើម។ ដូចនេះ ក្នុងនាមជាបវរកញ្ញាតំណាងប្រទេសមួយរូប ពិបាកណាស់ក្នុងការនិយាយរៀបរាប់ផ្សព្វផ្សាយឱ្យប្រទេសមួយនេះ។
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបញ្ជាក់ថា ការមិនទៅប្រកួត Miss Universe នៅលើកនេះ មិនមែនជាការបិទផ្លូវខ្លួនឯង លែងទៅប្រកួតជារៀងរហូតនោះឡើយ កញ្ញានឹងមកប្រកួតម្តងទៀត នៅឆ្នាំណាមួយ ដែលមិនមែនជាប្រទេសថៃជាអ្នករៀបចំ៕
